ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចាប់ឃាត់ខ្លួនពលរដ្ឋប្រមូលផ្ដុំលេងល្បែងស៉ីសង នៅតំបន់ទំនប់រលក ខណៈអាជ្ញាធរខេត្តព្រះសីហនុ ហាមឃាត់ការជួបជុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
បើតាមការបញ្ជាក់ពីអាជ្ញាធរខេត្តព្រះសីហនុ បានឲ្យដឹងថា ខណៈដែលអាជ្ញាធរកំពុងអនុវត្ដវិធានការរដ្ឋបាលនេះ មានករណីមនុស្សមួយក្រុមនៅតំបន់ដែលប្រឈម គឺតំបន់ទំនប់រលក បែរជាប្រមូលផ្ដុំគ្នាលេងល្បែងស៉ីសង ដោយគ្មានខ្វាយខ្វល់ជាមួយនឹងវិធានការរដ្ឋបាលទាល់តែសោះ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កម្លាំងសមត្ថកិច្ចបានចុះអនុវត្តរឹតបណ្តឹងហាមឃាត់ការជួបជុំ និងមិនពាក់ម៉ាស់ នៅតាមមូលដ្ឋាន។
ក្រោយប្រតិបត្តការ ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបការជួបជុំលេងល្បែងស៉ីសង់ (បៀ) បានចំនួន៣វង់ ស្ថិតក្នុងតំបន់លឿង (ជាពិសេសក្នុងតំបន់ទំនប់រលក) ដោយពួកគាត់មិនគោរពវិធានសុខាភិបាល ៣ការពារ និង៣កុំ។
បន្ថែមពីនេះ លោកជួន ណារិន្ទ បន្ដថា អ្នកលេងល្បែងទាំងនោះ ត្រូវបានឃាត់យកមកទីបញ្ជាការស្រាល ដើម្បីអនុវត្តវិធានរដ្ឋបាល និងវិធានសុខាភិបាល៕ដោយ៖សហការី