ខេត្តសៀមរាប, លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានថ្លែងថា, ក្រោយពីមានករណីឆ្លងរាលដាលជាបន្តបន្ទាប់នូវជំងឺកូវីដ១៩ រដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ដោយសារ៣តំបន់ខាងលើមានការទំនាក់ទំនងគ្នា ជាពិសេសតំបន់ក្រហម អាជ្ញាធរខេត្តនឹងបិទខ្ទប់មិនឲ្យមានការចេញចូល និងធ្វើការយកសំណាកបញ្ជាក់ ដោយកំណត់៖
– ឃុំកំពង់ឃ្លាំង ជាតំបន់ក្រហម (ដោយសារមានឆ្លងដល់កងកម្លាំង និងមន្ត្រីរាជការ)
– ឃុំដំដែក និងឃុំគោកធ្លកក្រោម ជាតំបន់លឿងទុំ
– ឃុំកំពង់ក្តី ជាតំបន់លឿង
លោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្អាកការឈប់សម្រាក ឬសំចត នៅក្នុងទីតាំងដែលបានបញ្ជាក់ខាងលើ តាមសងខាងផ្លូវ បណ្តោយផ្លូវជាតិលេខ៦ ក្នុងស្រុកជីក្រែង និងស្រុកសូទ្រនិគម ។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ ៣កុំ ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។
លោករំឮកថា, ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ៕