ក្រុងប៉ោយប៉ែត៖ បុរសម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុន KMB (ខេអឹមប៊ី) នឹងជាអ្នកម៉ៅការសាងសង់ ឱ្យគម្រោងក្រុងរណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌបន្ទាយមាមជ័យ ចាប់ឃាត់ខ្លួនក្រោយផ្ទុះការតវ៉ាពីសំណាក់កម្មករ ដែលធ្វើការឲ្យគម្រោងក្រុងរណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថា មិនបានបើកលុយឲ្យកម្មករ។
ចំពោះការចាប់ខ្លួនអ្នកម៉ៅការរូបនេះ បន្ទាប់ពីអ្នកគ្រប់គ្រងនៅគម្រោង ក្រុងរណបរបស់អ្នកឧកញ៉ា បានប្រកាសឱ្យសមត្ថកិច្ចស្វែងរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB ដើម្បីមកបើកលុយឲ្យកម្មករជាកំហិតនៅម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះតែម្ដង។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា កម្លាំងជំនាញ បានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន (KMB) តាំងពីល្ងាចថ្ងៃទី១៣ ខែមិថុនាម្សិលមិញនេះ ដើម្បីបើកលុយឲ្យកម្មករ នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះ បំពានកិច្ចសន្យា និងធ្វើឲ្យប៉ះពាល់កិត្តិយស ដល់គម្រោងរបស់ អ្នកឧកញ៉ាឡេងណាវ៉ាត្រា។
គួរជម្រាបថា កាលពេលល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៦ បានផ្ទុះការតវ៉ាមានសំឡេងស្រែកឲ្យអ្នកឧកញ៉ា ជួយបើកលុយឲ្យកម្មករនោះ។ ចំណែកគម្រោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ានេះ ដែលមានផ្ទៃដីទំហំរហូតជិត ៤ពាន់ហិចតានោះ ត្រូវបានម៉ៅការទៅឲ្យក្រុមហ៊ុន (KMB) សាងសង់អាគាពាណិជ្ជកម្មគ្រោង ៣០អាគារ មានដូចជា៖ កាស៉ីណូ សណ្ឋាគារ រីស៊ត ខុនដូ និងអាគាពាណិជ្ជកម្មជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ថា ក្រោយសមត្ថកិច្ចឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ KMB នេះ ហើយថាតេីជននេះអាចរួចខ្លួន ឬក៏ត្រូវបញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ដោយ៖សហការី