អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ បានចុះផ្សាយថា រដ្ឋាភិបាលចិន ក្រោយកិច្ចប្រឹងប្រែងរុករករយៈពេល ០៦ឆ្នាំ ទើបតែបានរកឃើញវាលបណ្តូងប្រេង និងឧស្ម័នថ្មីមួយ ដែលមានចំណុះ ៩០០លានតោននៅតំបន់បាសាំង ថារីម (Tarim Basin) ក្នុងតំបន់ស៉ីនជាំង ភាគពាយព្យប្រទេស។
ទីភ្នាក់ងារសារព័ត៌មាន CGTN បាននិយាយបន្ថែមថា ទីតាំងវាលប្រេង និងឧស្ម័នខាងលើស្ថិតនៅភាគខាងត្បូងទន្លេ Tarim និងចំកណ្តាលបេះដូងនៃវាលខ្សាច់ តាក្លាម៉ាកាន (Taklamakan) ហើយជម្រៅនៃការខួងដីនៅទីនោះគឺដល់ ៨,៤៧០ម៉ែត្រឯណោះ។ វាលខ្សាច់ Taklimakan ដែលគ្របដណ្តប់លើផ្ទៃដីសរុប ៣៣០,០០០គីឡូម៉ែត្រក្រឡា គឺជាវាលខ្សាច់ធំមួយនៅលើពិភពលោក។
សូមជម្រាបថា មកទល់ពេលនេះ វាលបណ្តូងប្រេង និងឧស្ម័ន សរុបច្រើនជាង ១០០កន្លែង ត្រូវបានរកឃើញនៅតំបន់វាលខ្សាច់ Taklamakan ជាមួយបរិមាណធនធានប្រេង និងឧស្ម័នប្រមាណ ១.៤ពាន់លានតោន។ ជាក់ស្ដែងបេីគិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៧ មិថុនាថ្មីៗនេះ ប្រេង និងឧស្ម័នជាង ១៨១លានតោន ត្រូវបានបូមចេញពីទីតាំងថ្មីខាងលើនេះផងដែរ។
គួរបញ្ជាក់ថា បេីយោងតាមការវាយតម្លៃចុងក្រោយបំផុត បរិមាណសរុបនៃធនធានប្រេង និងឧស្ម័នដែលស្ថិតនៅក្រោមនោះ គឺជាង ១៦.១ពាន់លានតោន នាំឲ្យវាជាកន្លែងស្តុកប្រេង និងឧស្ម័នធំបំផុតនៅប្រទេសចិន៕ដោយ៖ស តារា