ទីក្រុង​តូក្យូ៖​ អ្នកស្ម័គ្រចិត្ត និងមន្ត្រីក្នុងព្រឹត្តិការណ៍អូឡាំពិករាប់ពាន់នាក់ ទទួលការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩

ចែករំលែក៖

អន្តរជាតិ​៖​ ខណៈមុនបើកព្រឹត្តិការណ៍អូឡាំពិក​ នៅសល់​៥សប្តាហ៍ទៀត​ នៅទីក្រុងតូក្យូ​ ប្រទេសជប៉ុន​ អ្នកជំនាញខាងផ្នែកសុខាភិបាល​ បានសម្រុកចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ឱ្យអ្នកស្ម័គ្រចិត្ត និងមន្ត្រីអូឡាំពិករាប់ពាន់នាក់។ យ៉ាងណាក៏ដោយ អ្នកជំនាញ​ ក៏បានព្រមានថា​ ព្រឹត្តិការណ៍ដំណើរទៅបានដោយសុវត្ថិភាព លុះត្រាគ្មានអ្នកគាំទ្រចូលកីឡដ្ឋាន។

ជាក់ស្ដែង​អត្តពលិកអូឡាំពិកជប៉ុន​ បានទទួលការចាក់វ៉ាក់សាំងរួចហើយ ខណៈសមាជិកបុគ្គលិក អ្នកធ្វើការស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធដទៃទៀតនឹងត្រូវសម្រុកចាក់ជាបន្តបន្ទាប់។ បន្ទាប់ពី​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបរិច្ចាគវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់មនុស្ស ៤០០០០នាក់ ដែលរួមមានទាំងបុគ្គលិកព្រលានយន្តហោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអាជ្ញាកណ្តាលនៅអូឡាំពិក។

សូមជម្រាបថា​ ដោយប្រើពេលតែជាងមួយខែ រហូតដល់ពិធីបើកការប្រកួតជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ​ សម្រាប់​អ្នករៀបចំកម្មវីធីកីឡាលំដាប់ពិភពលោក បានសម្រុកចាក់វ៉ាក់សាំងដល់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ឱ្យបានទាន់ពេលវេលា គិតចាប់ពីថ្ងៃទី១៨ ខែមិថុនាតទៅ។

ជាមួយគ្នានេះ​ អ្នកជំនាញខាងផ្នែកសុខាភិបាលមួយចំនួន​ នៅប្រទេសជប៉ុន បានព្រមានថា​ អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ គួរដំណើរដោយគ្មានអ្នកគាំទ្រផ្ទាល់ ដើម្បីសុខុមាលភាពអ្នកចូលរួមទាំងអស់ ជាពិសេសអត្តពលិកដែលត្រូវមានកាតព្វកិច្ចប្រកួតប្រជែង។​ ស្របពេលគ្នានេះដែរ កីឡាអូឡាំពិកដែលត្រូវពន្យារពេល១ឆ្នាំដោយសារកូវីដ-១៩ ក៏ប្រឈមមុខនឹងការសម្រេចចិត្តដ៏ចម្រូងចម្រាសផងដែរ ជុំវិញការអនុញ្ញាតឱ្យអ្នកគាំទ្រក្នុងស្រុកចូលកីឡដ្ឋាន ឬក៏អត់នោះ។

គួរបញ្ជាក់ថា​ ប្រទេសជប៉ុន​ រហូតមកទល់ពេលនេះ​ កំពុងបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងកូវីដ-១៩ បំប្លែងថ្មី ដែលធ្វើឱ្យក្រុងតូក្យូ និងក្រុងដទៃទៀតស្ថិតក្នុងភាពអាសន្ន។ ដោយ​ឡែក​ជប៉ុន​ មានចំនួនអ្នកចាក់វ៉ាក់សាំងតិចតួចប៉ុណ្ណោះ បើទោះប្រទេសនេះស្ថិតក្នុងចំណោមប្រទេសអ្នកមានលើលោកក៏ដោយ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print