អន្តរជាតិ៖ ខណៈមុនបើកព្រឹត្តិការណ៍អូឡាំពិក នៅសល់៥សប្តាហ៍ទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន អ្នកជំនាញខាងផ្នែកសុខាភិបាល បានសម្រុកចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ឱ្យអ្នកស្ម័គ្រចិត្ត និងមន្ត្រីអូឡាំពិករាប់ពាន់នាក់។ យ៉ាងណាក៏ដោយ អ្នកជំនាញ ក៏បានព្រមានថា ព្រឹត្តិការណ៍ដំណើរទៅបានដោយសុវត្ថិភាព លុះត្រាគ្មានអ្នកគាំទ្រចូលកីឡដ្ឋាន។
ជាក់ស្ដែងអត្តពលិកអូឡាំពិកជប៉ុន បានទទួលការចាក់វ៉ាក់សាំងរួចហើយ ខណៈសមាជិកបុគ្គលិក អ្នកធ្វើការស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធដទៃទៀតនឹងត្រូវសម្រុកចាក់ជាបន្តបន្ទាប់។ បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបរិច្ចាគវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់មនុស្ស ៤០០០០នាក់ ដែលរួមមានទាំងបុគ្គលិកព្រលានយន្តហោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអាជ្ញាកណ្តាលនៅអូឡាំពិក។
សូមជម្រាបថា ដោយប្រើពេលតែជាងមួយខែ រហូតដល់ពិធីបើកការប្រកួតជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ សម្រាប់អ្នករៀបចំកម្មវីធីកីឡាលំដាប់ពិភពលោក បានសម្រុកចាក់វ៉ាក់សាំងដល់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ឱ្យបានទាន់ពេលវេលា គិតចាប់ពីថ្ងៃទី១៨ ខែមិថុនាតទៅ។
ជាមួយគ្នានេះ អ្នកជំនាញខាងផ្នែកសុខាភិបាលមួយចំនួន នៅប្រទេសជប៉ុន បានព្រមានថា អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ គួរដំណើរដោយគ្មានអ្នកគាំទ្រផ្ទាល់ ដើម្បីសុខុមាលភាពអ្នកចូលរួមទាំងអស់ ជាពិសេសអត្តពលិកដែលត្រូវមានកាតព្វកិច្ចប្រកួតប្រជែង។ ស្របពេលគ្នានេះដែរ កីឡាអូឡាំពិកដែលត្រូវពន្យារពេល១ឆ្នាំដោយសារកូវីដ-១៩ ក៏ប្រឈមមុខនឹងការសម្រេចចិត្តដ៏ចម្រូងចម្រាសផងដែរ ជុំវិញការអនុញ្ញាតឱ្យអ្នកគាំទ្រក្នុងស្រុកចូលកីឡដ្ឋាន ឬក៏អត់នោះ។
គួរបញ្ជាក់ថា ប្រទេសជប៉ុន រហូតមកទល់ពេលនេះ កំពុងបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងកូវីដ-១៩ បំប្លែងថ្មី ដែលធ្វើឱ្យក្រុងតូក្យូ និងក្រុងដទៃទៀតស្ថិតក្នុងភាពអាសន្ន។ ដោយឡែកជប៉ុន មានចំនួនអ្នកចាក់វ៉ាក់សាំងតិចតួចប៉ុណ្ណោះ បើទោះប្រទេសនេះស្ថិតក្នុងចំណោមប្រទេសអ្នកមានលើលោកក៏ដោយ៕ដោយ៖ស តារា