អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះផ្សាយថា ខណៈដែលកោះតៃវ៉ាន់ កំពុងតស៊ូប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺ COVID-19 និងរងសម្ពាធពីចិនផងនោះ។ ស្រាប់តែសហរដ្ឋអាមេរិក បានបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 រហូតដល់ ២.៥លានដូសទៅឱ្យប្រទេសមួយនេះ។
ទីភ្នាក់ងារសារព័ត៌មាន CNN បាននិយាយបន្ថែមថា ចំពោះការប្រកាសពីផ្គត់ផ្គង់វ៉ាក់សាំងខាងលើនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន ត្រូវបានគេមើលឃើញថាកំពុងប្រជែងគ្នាដណ្ដើមឥទ្ធិពលភូមិសាស្រ្ត នយោបាយតាមរយៈវ៉ាក់សាំងការទូត។
សូមជម្រាបថា កាលពីដំបូងឡើយ សហរដ្ឋអាមេរិក បានប្រកាសផ្ដល់វ៉ាក់សាំង COVID-19 ឱ្យកោះតៃវ៉ាន់ត្រឹមតែ ៧៥០,០០០ដូស តែប៉ុណ្ណោះ។ ប៉ុន្តែស្រាប់តែ ចំនួនវ៉ាក់សាំងនេះត្រូវបានបង្កើនបីដងរហូតដល់ ២.៥លានដូស។
ដោយឡែកបើតាមក្រុមមន្ត្រីតៃវ៉ាន់ បានបញ្ជាក់ដែរថា វ៉ាក់សាំងទាំង ២.៥លានដូសដែលជាវ៉ាក់សាំង ផលិតដោយក្រុមហ៊ុនអាមេរិក Moderna នឹងត្រូវបញ្ជូនទៅដល់កោះតៃវ៉ាន់នៅល្ងាចថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់)។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានប្រកាសផ្ដល់វ៉ាក់សាំង COVID-19 ឱ្យកោះតៃវ៉ាន់នៅក្រោមផែនការចែករំលែងវ៉ាក់សាំងជាមួយពិភពលោករបស់រដ្ឋបាល លោកប្រធានាធិបតី ចូ បៃដិន និងបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកបំពេញដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ។
ជុំវិញករណីនេះដែរ រដ្ឋាភិបាលចិន ដែលតែងតែ អះអាងថា៖ កោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ក៏បានប្រកាសផ្ដល់វ៉ាក់សាំងឱ្យកោះតៃវ៉ាន់ផងដែរ តែទីក្រុងតៃប៉ិមិនទាន់ឆ្លើយតបនោះទេ៕ដោយ៖ស តារា