អន្តរជាតិ៖ អាជ្ញាធរនៃប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ បានសម្រេចកម្ទេចចោលនូវរថយន្តប្រណិតជាច្រើនគ្រឿង ដែលជនខិលខូចបាននាំចូលទៅក្នុងប្រទេសហ្វីលីពីនដោយខុសច្បាប់។ នេះបេីយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Straits Times កាលពីថ្ងៃសុក្រទី១៨ ខែមិថុនា។
សូមជម្រាបថា ចំពោះសម្មភាពកម្ទេចចោលនូវរថយន្តខុសច្បាប់ទាំងនេះ ត្រូវបានការិយាល័យគយហ្វីលីពីន ធ្វើរួចម្តងមកហើយនៅក្នុងឆ្នាំ២០២១នេះដែរ ដោយរថយន្តទាំងនោះ គឺសុទ្ធតែជារថយន្តដែលលួចនាំចូលដោយមិនបានបង់ពន្ធគយត្រឹមត្រូវតាមច្បាប់កំណត់។
សារព័ត៌មាន Straits Times បាននិយាយ រថយន្តប្រណិតដែលត្រូវបានគេកម្ទេចចោលលើកនេះមានចំនួន ២១គ្រឿង មាមដូចជា៖ រថយន្តម៉ាក McLaren 620R មួយគ្រៀង, Hyundai Geneis មួយគ្រឿង, Bentley មួយគ្រឿង, Porsche 911មួយគ្រឿង, Mercedes-Benz មួយគ្រឿង, Lotus មួយគ្រឿង, Toyota Solara មួយគ្រឿង និងក្រៅពីនេះជារថយន្ត Mitsubishi Jeeps។
គួរបញ្ជាក់ថា បេីតាមអាជ្ញាធរហ្វីលីពីន ក៏បានបញ្ជាក់បន្ថែមទៀតថា រថយន្តទាំងអស់នេះ មានតម្លៃសរុបប្រមាណជា ១,៦២ លានដុល្លាអាមេរិក ហើយការកម្ទេចរថយន្តទាំងនេះគឺជាសារមួយព្រមានទៅកាន់ក្រុមជនខិលខូចកុំឲ្យពួកគេធ្វើសកម្មភាពដូចនេះទៀតនៅពេលក្រោយ៕ដោយ៖សហការី