អាមេរិក៖​ បង្កើនការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 រហូតដល់ ២.៥លានដូសទៅឱ្យកោះតៃវ៉ាន់

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ខណៈដែល​កោះតៃវ៉ាន់ កំពុងតស៊ូប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺ COVID-19 និងរងសម្ពាធពីចិនផងនោះ។ ស្រាប់​តែ​សហរដ្ឋអាមេរិក​ បានបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 រហូតដល់ ២.៥លានដូសទៅឱ្យប្រទេសមួយនេះ។

ទីភ្នាក់ងារ​សារព័ត៌មាន CNN បាននិយាយបន្ថែមថា​ ចំពោះ​ការប្រកាសពីផ្គត់ផ្គង់វ៉ាក់សាំងខាងលើនេះ​ បន្ទាប់ពី​សហរដ្ឋអាមេរិក និងប្រទេសចិន ត្រូវបានគេមើលឃើញថាកំពុងប្រជែងគ្នាដណ្ដើមឥទ្ធិពលភូមិសាស្រ្ត នយោបាយតាមរយៈវ៉ាក់សាំងការទូត។

សូមជម្រាបថា​ កាលពីដំបូងឡើយ សហរដ្ឋអាមេរិក​ បានប្រកាសផ្ដល់វ៉ាក់សាំង COVID-19 ឱ្យកោះតៃវ៉ាន់ត្រឹមតែ ៧៥០,០០០ដូស តែប៉ុណ្ណោះ។ ប៉ុន្តែស្រាប់តែ​ ចំនួនវ៉ាក់សាំងនេះត្រូវបានបង្កើនបីដងរហូតដល់ ២.៥លានដូស។

​ដោយ​ឡែកបើតាមក្រុមមន្ត្រីតៃវ៉ាន់ បានបញ្ជាក់ដែរថា​ វ៉ាក់សាំងទាំង ២.៥លានដូសដែលជាវ៉ាក់សាំង ផលិតដោយក្រុមហ៊ុនអាមេរិក Moderna នឹងត្រូវបញ្ជូនទៅដល់កោះតៃវ៉ាន់នៅល្ងាចថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន​ បានប្រកាសផ្ដល់វ៉ាក់សាំង COVID-19 ឱ្យកោះតៃវ៉ាន់នៅក្រោមផែនការចែករំលែងវ៉ាក់សាំងជាមួយពិភពលោករបស់រដ្ឋបាល លោកប្រធានាធិបតី ចូ បៃដិន និងបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកបំពេញដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ។

ជុំវិញករណីនេះដែរ​ រដ្ឋាភិបាល​ចិន​ ដែលតែងតែ អះអាងថា៖​ កោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ក៏បានប្រកាសផ្ដល់វ៉ាក់សាំងឱ្យកោះតៃវ៉ាន់ផងដែរ តែទីក្រុងតៃប៉ិមិនទាន់ឆ្លើយតបនោះទេ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print