ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកបាទី នៃស្នងការដ្ឋានខេត្តតាកែវ បានបេីកប្រតិបត្តិការបំបែកសំណុំរឿងកាប់សម្លាប់បុរសម្នាក់ ព្រោះតែរឿងទំនាក់ពាក្យសម្ដីពេលលេងបាល់ទះ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
បេីយោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះថា ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចភូមិភ្នំតូច ឃុំសំភី ស្រុកបាទី ខេត្តតាកែវ។
ប្រភពដដែល បន្តថា ជនសង្ស័យទាំង ៣នាក់នេះទី១-ឈ្មោះ ម៉ង សម្បត្តិ អាយុ២១ឆ្នាំ, ទី២-ឈ្មោះ ម៉ង សីហា អាយុ១៩ឆ្នាំ (ត្រូវជាបងប្អូនបង្កើត) និងទី៣-ឈ្មោះ ឌឹម ប្រុស ហៅរាជ អាយុ១៩ឆ្នាំ រស់នៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ចំណែកជនរងគ្រោះឈ្មោះ មាំង ខែមរៈ អាយុ២៧ឆ្នាំ ដែលត្រូវជនដៃដល់កាប់ត្រូវចំនួន ២កន្លែង បណ្តាលស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុតែម្តង។
ដោយឡែកក្នុងប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដឹកនាំសហការជាមួយនគរបាលខេត្តតាកែវ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឱ្យធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ទើបកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យទាំង៣នាក់ និងឈានទៅដល់ការចាប់ឃាត់ខ្លួនបាន នៅចំណុចវាលស្រែ ស្ថិតនៅភូមិភ្នំតូច ឃុំសំភី ស្រុកបាទី ខេត្តតាកែវតែម្តង។ ខណៈដែលជនដៃដល់ បានធ្វើសកម្មភាពរួចហើយ ក៏មិនបានរត់ទៅលាក់ខ្លួនទៅកន្លែងណាឆ្ងាយឡើយ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ នៅចំពោះមុខនគរបាលជំនាញ ពួកគេបានឆ្លើយសារភាពថា៖ ពួកគេពិតជាបានធ្វើសកម្មភាពយកដាវកាប់ និងចាក់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ បណ្តាលឲ្យស្លាប់ពិតប្រាកដមែន។ មូលហេតុដោយសារតែរឿងទំនាស់ពាក្យសំដីក្នុងពេលលេងបាល់ទះ ជាមួយគ្នា។
គួរបញ្ជាក់ថា បន្ទាប់ពីកម្លាំងនគរបាលជំនាញ ស្តាប់ចម្លើយសារភាពរួចជនសង្ស័យទាំង ៣នាក់នេះ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាម្ចាស់ករណីទទួលខុសត្រូវ ដេីម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ៖សហការី