ខេត្តសៀមរាប៖ តេីលេីលោកនេះមានលោកប្តីចិត្តធម៍ប៉ុន្មានណា ដែលហ៊ានធ្វើបែបនេះ ដោយសម្រេចចិត្តគាស់ផ្ទះប្រពន្ធចុង លួចយកលុយឲ្យប្រពន្ធដើម រហូតកម្លាំងសមត្ថកិច្ចជំនាញខេត្តត្បូងឃ្មុំ បេីការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យជាប្តី យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
បេីយោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីមានពាក្យបណ្តឹងពីប្រពន្ធចុង និងដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត,លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ,លោកវរសេនីយ៍ឯក ណុប សារ៉ាត់ លោកវរសេនីយ៍ស្នងការរងជាជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យរូបលោក ដឹកនាំបើកការស្រាវជ្រាវ ជាមួយនគរបាលមូលដ្ឋានដើម្បីស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ។
មន្រ្តីដដែល បន្តថា ជនសង្ស័យមានឈ្មោះ យ៉ែម សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ គក់ជេរថយន្ត មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជនរងគ្រោះក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។
ប្រភពដដែល បានបន្ថែមទៀតថា ជនសង្ស័យមានឈ្មោះ យ៉ែម សំណាង ជាប់ពាក់ព័ន្ធករណី អំពើលួចមានស្ថាន ទម្ងន់ទោស ( គាស់ស័ង្កសី)កាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ចំពោះការឃាត់ខ្លួននេះ ដោយយោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ បឿ ឈុននី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរអ៊ុតសក់ នៅផ្សារកណ្ដាល រស់នៅបច្ចុប្បន្ន ភូមិ ឃុំ កើតហេតុខាងលើ ចុះថ្ងៃទី២៣ខែមិថុនា ឆ្នាំ ២០២១ ។
មន្រ្តីដដែល បានបញ្ជាក់បន្ថែមថា មុនពេលកើតហេតុនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះ បានចាក់សោរទ្វារផ្ទះទុកចោល ហើយទៅមើលម្តាយឈឺនៅខេត្តត្បូងឃ្មុំ លុះរហូតដល់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១ ជនរងគ្រោះបានត្រឡប់មកផ្ទះវិញក៏ឃើញផ្ទះមានស្នាមគាស់ និងរើកកាយនៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះដោយបាត់បង់ប្រាក់ដុល្លារចំនួន១២៤០០ដុល្លារ, ខ្សែក.មាស០១ខ្សែ ទម្ងន់១តម្លឹង (ទ្រព្យសម្បត្តិទាំងអស់របស់ជនរងគ្រោះដាក់ក្នុងស្រោមខ្នើយក្នុងបន្ទប់ដេក )។
ក្រោយពេលទទួលពាក្យបណ្តឹងហើយ លោកស្នងការខេត្ត បានដឹកនាំចុះបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើសង្ស័យឈ្មោះ យ៉ែម សំណាង ត្រូវជាប្តីចុងរបស់ជនរងគ្រោះហើយកម្លាំងសមត្ថកិច្ចបាននាំឈ្មោះ យ៉ែម សំណាង យកមកធ្វើការសាកសួរនៅការិយាល័យជំនាញ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា៖ រូបគាត់ពិតជាបានធ្វើសកម្មភាពដូចករណីខាងលើនេះពិតប្រាកដមែន នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ដោយឃើញជនរងគ្រោះមិននៅផ្ទះ(ប្រពន្ធចុងរបស់គាត់) គាត់ក៏បានចូលធ្វើសកម្មភាពដោយយកដង្កាប់កាត់ស័ង្កសីបង្អួចហើយលូកដៃបើកគន្លឹះទ្វារចូលបន្ទប់ជនរងគ្រោះ ហើយធ្វើសកម្មភាពលួចយកប្រាក់ដុល្លារចំនួន១១២០០និង ខ្សែក.មាស ១ខ្សែមិនដឹងទម្ងន់ដើម្បីយកប្រាក់ទៅទិញរថយន្តក្រោយពេលធ្វើសកម្មភាពហើយ ខ្លួនបានយកប្រាក់ និងខ្សែក ទៅផ្ញើឲ្យប្រពន្ធដើមនៅខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សហការី