ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុ សម្រេច ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារអូរចំណា ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល១៤(ដប់បួន)ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងអំឡុងពេលផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារអូរចំណារ រដ្ឋបាលខេត្តព្រះសីហនុ លើកទឹកចិត្តបងប្អូនអាជីវករទាំងអស់ឱ្យលក់ដូរគ្រឿងឧបភោគបរិភោគនៅតាមផ្សារម៉ាត ឬផ្សារទំនើប ឬការលក់ដូរនៅតាមលំនៅឋាន ឬនៅទីតាំងលក់ដូរដែលមានការរៀបរយផ្សេងទៀត ដោយត្រូវអនុវត្តតាមសេចក្តីណែនាំលេខ០០៨/២១សណន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តស្តង់ដារសុវត្ថិភាពនៅតាមផ្សារម៉ាត នៅតាមលំនៅឋាន និងនៅតាមទីតាំង រៀបរយផ្សេងទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ។ ចំពោះបងប្អូនអាជីវករទាំងអស់នៅផ្សារអូរចំណារ ដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឬស្ថានភាពសុខភាព មានការប្រែប្រួលដោយមានការសង្ស័យអំពីការឆ្លងជំងឺកូវីដ-១៩ ត្រូវប្រញាប់ទំនាក់ទំនងផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានដែល នៅជិតបំផុត ឬទំនាក់ទំនងមកមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរស័ព្ទលេខ 012 794 895, 016 526 520 ដើម្បីក្រុមគ្រូពេទ្យយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩។
ក្រោយពេលបានផ្តល់វត្ថុសំណាកជូនក្រុមគ្រូពេទ្យរួចរាល់ បងប្អូនអាជីវករ ព្រមទាំងក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធត្រូវ ប្រតិបត្តិបានឱ្យត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វ កិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង៣កុំ» របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះបុគ្គលណាដែលមិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីសម្រេចនេះ ត្រូវទទួលទោសដូចមានកំណត់នៅក្នុងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះត្រូវទុកជានិរាករណ៍។
នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គ ភាពពាក់ព័ន្ធ និងអ្នកគ្រប់គ្រងផ្សារអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងអាជីវករ និងអ្នកពាក់ ព័ន្ធទាំងអស់ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕