ភ្នំពេញ , លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោកបានថ្លែងរំលឹកអំពី អបអរសាទរ ខួបលើកទី៧០ កំណើតគណបក្សប្រជាជនកម្ពុជា ដែលនឹងឈានចូលមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ!
, លោកថ្លែងថា, ការចាប់ផ្តើមដំបូងនៃការបង្កើតគណបក្ស ប្រជាជនកម្ពុជា គឺនៅឆ្នាំ១៩៥១ ខណៈពេលដែលកម្ពុជា កំពុងស្ថិតក្រោមអាណានិគមបារាំង ក្នុងបុព្វហេតុប្រមូលផ្តុំអ្នកសេ្នហាជាតិ ប្រឆាំងនឹងការគ្រប់គ្រងត្រួតត្រារបស់បារាំង ចលនានេះបានរីកធំធាត់ និងបានក្លាយជាកម្លាំងផ្ទៃក្នុងមួយដ៏សំខាន់ ចូលរួមចំណែកគាំទ្រដល់ដំណើរការនៃការទាមទារឯករាជ្យជាតិពីបារាំង រហូតទទួលបានជោគជ័យនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ក្រុមចលនានេះ គឺជាឬសគល់នៃការបង្កើតឡើងនៃគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើម «បក្សប្រជាជនបដិវត្តន៍ខ្មែរ»។
សូមរំលឹកថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនគ្មានសិទ្ធិសេរីភាពអី្វទាំងអស់ ព្រោះការរស់នៅប្រចាំថ្ងៃស្ថិតក្រោមការគំរាមកំហែង បង្ខំឱ្យធ្វើការហួសកម្លាំង ព្រាត់ប្រាស់គ្រួសារ និងរស់នៅដោយភាពភ័យខ្លាច គ្រប់ពេលវេលា។ ក្នុងស្ថានភាពលំបាក គ្រោះថ្នាក់បំផុត និងមិនអាចទ្រាំបាន នៅតាមតំបន់ខ្លះ ក្រុមចលនាអ្នកស្នេហាជាតិបានប្រមូលផ្តុំគ្នា រួមគ្នាបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»ដើម្បីប្រឆាំង វាយផ្តួលរំលំរបបយង់ឃ្នងនេះ។ ក្នុងស្ថានភាពនេះ មនុស្សមួយចំនួនដែលរត់ផុតពីការសម្លាប់ បានរត់ទៅរស់នៅក្នុងប្រទេសដ៏ទៃ តែឥស្សរជន យុទ្ធជនស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជា មិនបានរត់ចោលនោះទេ គឺពួកគេរួមគ្នា ប្រើប្រាស់អាយុជិវិតផ្ទាល់ខ្លួន ជាទុនទៅប្រយុទ្ធធ្វើសង្គ្រាមតទល់នឹងរបបប៉ុលពត យ៉ាងសស្រាក់សស្រាំ ដោយឥតរួញរា ក្នុងគោលបំណងតែមួយគត់ គឺរំដោះប្រជាជនដែលនៅមានជីវិតឱ្យរួចផុតពីការកាប់សម្លាប់ និងរំដោះប្រទេសជាតិឱ្យត្រលប់មករកសុខសន្តិភាព និងស្ថេរភាពឡើងវិញ ហើយយើងក៏ទទួលបានជោគជ័យ ដោយកំណត់យកថ្ងៃ៧ មករា ជាថ្ងៃជ័យជម្នះ និងរំលឹកដឹងគុណដល់ឥស្សរជនដែលបានលះបង់ជីវិតក្នុងគ្រានោះ។
តាមរយៈរឿងរ៉ាវប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ការលំបាករាប់មិនអស់ ក្នុងសកម្មភាព និងចលនាផ្សេងៗ ទាំងក្នុងការដំណាក់កាលនៃការទាមទារឯករាជ្យពីអាណានិគមបារាំង ការរំដោះប្រជាជន និងប្រទេសឲ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបប៉ុលពត ការស្តារប្រទេសពីបាតដៃទទេ និងការបង្រួបបង្រួម ឯកភាពទឹកដីទាំងស្រុង (នយោបាយឈ្នះ-ឈ្នះ)។ ក្នុងដំណាក់កាលលំបាកទាំងអស់នោះ យើងតែងតែឃើញមានវត្តមានឥស្សរជន យុទ្ធជន យុទ្ធនារីកម្ពុជាដែលលោកបានប្រើអាយុជីវិតផ្ទាល់ខ្លួន តស៊ូ លះបង់សាច់ស្រស់ឈាមស្រស់ ប្រាជ្ញា ស្មារតីជាដើមទុន ដើម្បីជ្រោងទង់បង្រួបបង្រួមជាតិ ក្នុងគោលដៅតែមួយគត់គឺ ការគិតគូរពីជាតិ និងប្រជាជនជាអាទិភាព។
«គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ប្រវត្តិសាស្ត្រលំបាករាប់មិនអស់ តែគណបក្សប្រជាជនកម្ពុជាតែងតែនៅជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ទាំងគ្រាដែលប្រទេសជាតិស្ថិតក្នុងការលំបាក និងទាំងការដឹកនាំអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនជាបន្តបន្ទាប់។»