លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យអង្គប្រជុំពិនិត្យបញ្ចូលគម្រោងសាងសង់តភ្ជាប់ ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ

ចែករំលែក៖

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២របស់គណៈកម្មាធិការជាតិភស្តុភារកម្ម(គ.ជ.ភ) នៅទីស្តីការក្រសួង​ ដើម្បីពិនិត្យសេចក្តី ព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម លោក ឈិត សុខុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងការចូលរួមតាមប្រព័ន្ធវីដេអូ ពីចម្ងាយពីលោក សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសរុបទាំង អស់ប្រមាណ៧២រូប។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ចូលរួមផ្តល់ធាតុចូលសំខាន់ៗបន្ថែមទៀត ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មឱ្យមានភាពគ្រប់ជ្រុងជ្រោយ ដើម្បីស្នើសុំកម្មវិធី ជួបពិភាក្សាជាមួយលោកបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា ដើម្បីពិនិត្យលើខ្លឹមសារនៃសេចក្តីព្រាងនេះ ចុងក្រោយ។

ជាមួយគ្នានេះផងដែរ ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ បានស្នើឱ្យអង្គប្រជុំពិនិត្យបញ្ចូលគម្រោងសាងសង់តភ្ជាប់ ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ និងគម្រោងសាងសង់ផ្លូវមួយចំនួនរួមមាន៖ គម្រោងសាងសង់ផ្លូវបាត់ ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវលេខ៥៧ គម្រោងសាងសង់ផ្លូវលេខ៥០សេ ទៅក្នុងសេចក្តីព្រាង ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងបានណែនាំឱ្យក្រុមការងារពិនិត្យ និងរៀបចំផែនការសាងសង់ផ្លូវ៥ឆ្នាំរំកិល ដើម្បីយកមកបញ្ចូលក្នុងសេចក្តីព្រាងផែនការមេនេះផងដែរ។

គួរកត់សម្គាល់ថា៖ សេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និង ភស្តុភារកម្ម រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន(JICA) ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ និង ទទួលបានការអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី០៦ខែមករាឆ្នាំ២០២០ ដោយក្រុមប្រឹក្សាជាតិភស្តុភារ កម្ម។

ឆ្លៀតក្នុងឱកាសនេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាវដល់ភាគី ពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់អនុសាសន៍ ក៏ដូចជាធាតុចូលសំខាន់ៗសម្រាប់ការរៀបចំសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនេះ៕ដោយ​៖សហការី​

...

ប្រភពពី​៖​ ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print