ទំហំពាណិជ្ជកម្មកម្ពុជា-ចិន៖ កើនឡើងជាង២៥%​ ​ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២១នេះ​ សម្រេចបានជិត៤ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា​ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា​​ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានសរុប ចំនួនជិត៤ពាន់លានដុល្លារ កើនឡើងជិត២៥% ក្នុង​រយៈពេល៥ខែ ពោលគិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។

​នៅក្នុង​របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ ៥ខែដំបូង ដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានចំនួន៣,៩០៧,០៥៧,៥៦៤ដុល្លារ កើនឡើងជាង២៥% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០​ចំនួន៣,១២៣,៣៣៦,១៣៥ដុល្លារ។

ជាក់ស្ដែង​ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសចិន នៅរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ក្នុងទំហំទឹកប្រាក់សរុប ចំនួន៥៥៨,៣៥៨,៦០៣ដុល្លារ កើនឡើងជាង៥៦% និងការនាំចូលទំនិញ ពីប្រទេសចិនវិញ ក្នុងទំហំទឹកប្រាក់សរុប ចំនួន៣,៣៤៨,៦៩៨,៩១៦ដុល្លារ កើនឡើងជាង២១%។

ដោយឡែក​បើតាមលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែង​បញ្ជាក់ថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជា-ចិន បានប្រព្រឹត្តទៅកាន់តែល្អប្រសើរឡើង។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ​ បានថ្លែងបញ្ជាក់បន្ថែមទៀតថា ទំនិញកម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារចិន រួមមាន៖ អង្ករ ចំណិតដំឡូងក្រៀម ស្វាយស្រស់ និងគ្រាប់ស្វាយចន្ទី និងទំនិញផ្សេង ជាច្រើនមុខទៀត ខណៈទំនិញនាំចូលពីចិនមកវិញ មានដូចជា៖ គ្រឿងអេឡិចត្រូនិច គ្រឿងបរិភោគកែច្នៃជាដើម -ល-។

សូម​រម្លឹកថា​ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន ពេញមួយឆ្នាំ២០២០កន្លងទៅ​ សម្រេចបានសរុបចំនួន ៨,១១៨.០៧លានដុល្លារអាមេរិក កើនឡើង៥.២ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨,៥៦៣.៣១លានដុល្លារ។

គួរជម្រាបថា​ កម្ពុជា និងចិន បានបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា និងឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ រួចហើយ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងទៅ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន ក្រោយពីភាគីទាំងពីរ បញ្ចប់នីតិវិធីផ្ទៃក្នុងរួចរាល់។​ ខណៈកសិផលរបស់កម្ពុជាជាច្រើនមុខ នឹងត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ដោយមិនជាប់ពន្ធ តាមរយៈកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា ធ្វើឲ្យផលិតផលកម្ពុជាកាន់តែច្រើន នឹងមានវត្តមានលើទីផ្សាររបស់ចិន ហើយក៏ជួយទាក់ទាញ អ្នកវិនិយោគមកកាន់កម្ពុជាផងដែរ។

គួរបញ្ជាក់ថា​ ប្រទេសចិន គឺជាប្រភពធំបំផុត នៃការវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាភ្ញៀវទេសចរមកកាន់កម្ពុជា ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុត របស់កម្ពុជាផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print