ខេត្តសៀមរាប៖ គ្រឹះស្ថានអង្គរ ក្នុងរយៈពេល០៦ខែ ឆ្នាំ២០២១នេះ បានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន ៥,៣២៩នាក់ ធ្លាក់ចុះ៩៨.៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ២១៩,២១៨ដុល្លារអាមេរិកធ្លាក់ចុះ៩៨.៧៩ភាគរយ។ នេះបើយោងតាមទិនិ្នន័យផ្លូវការរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ។
ទិនិ្នន័យផ្លូវការរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់បន្ថែមថា សម្រាប់ថវិកាចំណូល បានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល១ខែមិថុនា ឆ្នាំ២០២១ បានលក់បណ្ណជូនភ្ញៀវចំនួន ៥៥៥នាក់ ធ្លាក់ចុះ៦៨.២៣ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ២២,០១០ដុល្លារអាមេរិក ធ្លាក់ចុះ៦៩.០៩ភាគរយ។
គួរបញ្ជាក់ថា ក្នុងខែមិថុនានេះផងដែរ គឺថវិកាចំនួន ១,១១០ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង០៦ខែ គឺមានចំនួន ១០,៦៥៨ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕ដោយ៖សហការី