អាជ្ញាធរខេត្តកំពង់ចាម​៖​ សម្រេច​បិទ​ខ្ទប់​លំនៅឋាន​ជាង ៧០ខ្នង នៅ​ក្រុង​កំពង់ចាម ដើម្បីទប់ស្កាត់​ការរាលដាលជំងឺ​កូ​វីដ​-១៩

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖ លំនៅឋានផ្ទះប្រជាពលរដ្ឋប្រមាណ​ជាង ៧០ខ្នង ស្ថិត​នៅ​ក្រុង​កំពង់ចាម​ ដែលសមាជិក​ក្នុង​គ្រួសារ សរុប​ប្រមាណ ៣០០នាក់​​ ត្រូវ​បានអាជ្ញាធរខេត្ត​ សម្រេច​បិទ​ខ្ទប់​ជាបណ្ដោះអាសន្ន ដើម្បី​យក​សំណាករបស់ពួកគាត់​ បន្ទាប់ពី​​ពិនិត្យរកឃេីញថា​ ប្រជាពលរដ្ឋមួយចំនួន មាន​វិជ្ជមាន​ជំងឺ​កូ​វីដ-១៩​។​

បេីតាមអភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា​ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ នៅក្នុង​ឱកាសដែល​លោក​ដឹកនាំ​មន្រ្តីក្រោមឱវាទចុះជួប​សំណេះសំណាល និង​ចែក​អំណោយជូន​ដល់​ប្រជាពលរដ្ឋ មាន​ជីវភាព​ខ្វះខាត ក្នុងអំឡុងពេល ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ ចំនួន ១៦៦គ្រួសារ នៅ​សួន​គ្រញូង​នគរ​បា​ជ័យ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។​

​លោក អ៊ុន ចាន់​ដា បាន​ថ្លែង​បន្ត​ថា ចំពោះ​ការបិទ​ខ្ទប់​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលេីនេះ​ ធ្វើឡើង​តែមួយ​ផ្នែកក្នុង​តំបន់​នៃ​ភូមិ​តា​ណេង សង្កាត់​សំបួរមាសនេះ​តែម្តង គឺ​ដើម្បី​វាយតម្លៃ​សិក្សា ស្រាវជ្រាវ​ឈានដល់​ការដាក់ចេញ វិធានការ​ចាំបាច់មួយចំនួនទៀត​។

​បន្ថែមពីនេះ​ លោកអភិបាល​ខេត្ត​ ​សូម​អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់បង្កើន​ការប្រុងប្រយ័ត្នខ្ពស់ គឺ​សំខាន់​ទប់ស្កាត់ ឱ្យបាន ដើម្បី​កុំឱ្យ​ជំងឺ​នេះ (​កូ​វីដ ១៩) វា​ឆ្លង​រាលដាល ក្នុង​សហគមន៍​។ ដោយ​សូមឱ្យ ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ទៅ​ទទួល យក​ការចាក់​វ៉ាក់សាំង​បង្ការ តាម​ការកំណត់ និង​រៀបចំ​របស់​អាជ្ញាធរ​។​

​គួរបញ្ជាក់ថា ខេត្តកំពង់ចាម​ មាន​ស្រុក-ក្រុង​សរុប​ចំនួន ១០គឺមាន​ប្រជាពលរដ្ឋ ត្រូវ​ទៅ​ទទួលការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ ១៩ ចំនួន​ប្រមាណ ៧៥ ម៉ឺន​នាក់​។ ក្នុងនោះរដ្ឋបាលខេត្ត​កំពង់ចាម ដែលមាន​លោក អ៊ុន ចាន់​ដា ជា​អភិបាល​នៃ​គណៈ អភិបាលខេត្ត បាន​ស្នើសុំ​វ៉ាក់សាំង​នេះ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​ហើយ​សម្តេច បាន​ផ្តល់ជូន ប្រជាពលរដ្ឋ​ខេត្ត​នេះ ជា​អាទិភាព​ចំនួន​បួន ស្រុក និង​ក្រុង​កំពង់ចាម ដែល​បាន​បើក​យុទ្ធនាការ ចាក់​ជា​ទ្រង់ទ្រាយ​ធំ កាលពី​ថ្ងៃទី ២៩ មិថុនា​កន្លងមកនេះ​។

ដោយឡែក​ប្រជាពលរដ្ឋចំនួន ៥ស្រុក​ផ្សេងទៀត ក្នុងពេល​ឆាប់ៗខាងមុខនេះ ​នឹង​ទទួលបាន​វ៉ាក់សាំងជា​បន្តបន្ទាប់​​ផងដែរ៕​ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print