មន្ត្រីជំនាញ​ ក.ប.ប.​ ចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានស្តីពីមានហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១​ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល​ សហការជាមួយកម្លាំងអធិការនគរបាលស្រុកខ្សាច់កណ្តាល និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល​។ នេះបេី​យោង​តាមផេកហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»​ បានបង្ហោះនៅព្រឹកថ្ងៃទី០៦​ ខែកក្កដា​ ឆ្នាំ​២០២១នេះ។

មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានបន្ថែមទៀតថា​ បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញ​ បានប្រមូលគំរូសំណាកស្រាស និងស្រាថ្នាំនៅផ្ទះដែលមានទីតាំងស្ថិតក្នុងឃុំស្វាយរមៀត ឃុំកោះចូរ៉ាម និងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត ។ សំណាកចំនួន៧គំរូដែលប្រមូលបាន ត្រូវបានបញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីរកវត្តមានសារធាតុមេតាណុល ដែលជាសារធាតុបង្កគ្រោះ។

ជាមួយគ្នានេះ​ អគ្គនាយកដ្ឋានក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកផលិតស្រា សូមផលិតតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ចៀសវាងការយកសារធាតុ ផ្សេងៗ មកបន្ថែម ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀត។

ដូច្នេះ​សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសុខភាពនិងអាយុជីវិតរបស់បងប្អូន សូមប្រុងប្រយ័ត្ន និងសូមកុំជាវស្រាស ឬស្រាថ្នាំដែលគ្មានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ យកមកប្រើប្រាស់ ឬបរិភោគជាដាច់ខាត៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print