ខេត្តកណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានស្តីពីមានហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយកម្លាំងអធិការនគរបាលស្រុកខ្សាច់កណ្តាល និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ នេះបេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានបង្ហោះនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។
មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានបន្ថែមទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញ បានប្រមូលគំរូសំណាកស្រាស និងស្រាថ្នាំនៅផ្ទះដែលមានទីតាំងស្ថិតក្នុងឃុំស្វាយរមៀត ឃុំកោះចូរ៉ាម និងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត ។ សំណាកចំនួន៧គំរូដែលប្រមូលបាន ត្រូវបានបញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីរកវត្តមានសារធាតុមេតាណុល ដែលជាសារធាតុបង្កគ្រោះ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកផលិតស្រា សូមផលិតតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ចៀសវាងការយកសារធាតុ ផ្សេងៗ មកបន្ថែម ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀត។
ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសុខភាពនិងអាយុជីវិតរបស់បងប្អូន សូមប្រុងប្រយ័ត្ន និងសូមកុំជាវស្រាស ឬស្រាថ្នាំដែលគ្មានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ យកមកប្រើប្រាស់ ឬបរិភោគជាដាច់ខាត៕ដោយ៖សហការី