ប្រធានាធិបតីថ្មី ដែលទើបតែជាប់ឆ្នោត លោក U Htin Kyaw បានដាក់ទៅកាន់សភាត្រួតពិនិតនូវគម្រោងបង្កើតរដ្ឋាភិបាលថ្មី។ រដ្ឋាភិបាលថ្មី នឹងត្រូវឡើងកាន់អំណាចបន្តដឹកនាំប្រទេសនៅចុងខែមីនា ឆ្នាំ២០១៦ ហើយពេលវេលាមិនច្រើនទៀតឡើយសម្រាប់ការរៀបចំ ។
ប្រធានាធិបតី U Htin Kyaw ស្នើឲ្យមាន ក្រសួងចំនួន២១ ដោយមានរដ្ឋមន្ត្រី១៨រូប តែប៉ុណ្ណោះ ។ បើប្រៀបធៀបនឹងរដ្ឋាភិបាលដែលជិតបញ្ចប់អាណត្តិនោះ មានក្រសួងរហូតដល់ទៅ៣៦ និងរដ្ឋមន្ត្រី៣២រូប ។ នៅពេលនេះ ក្រសួងមួយចំនួនបានដាក់បញ្ចូលគ្នា ដូចជា ក្រសួងអគ្គិសនីបានដាក់បញ្ចូនទៅជាមួយក្រសួងថាមពល ។ ក្រសួង ទទួលបន្ទុកសាសនា(ក្រសួងធម្មការ) ដាក់បញ្ចូនជាមួយក្រសួងវិប្បធម៌ ជាដើម ។
ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ដឹងថា បុគ្គលរូបណាត្រូវកាន់តំណែងជារដ្ឋមន្ត្រីក្នុងក្រសួងណានោះឡើយ ហើយលោកស្រីស៊ូជី ត្រូវកាន់តំណែងជាអ្វីនោះដែរ ។
ក្នុងពេលនោះដែរ លោកស្រីអ៊ុង សានស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានស្នើរដ្ឋាភិបាលថ្មីដែលប្រសូតចេញដោយគណបក្សរបស់លោកស្រីនាពេលខាងមុខ នឹងបំពាក់ដោយក្រសួងថ្មីមួយ ដើម្បីទទួលបន្ទុកកិច្ចការរបស់ជនជាតិពិន្ធុ ។ ការប្រកាសឲ្យមានក្រសួងទទួលបន្ទុកជនជាតិពិន្ទុពេលនេះ បានធ្វើឡើងចំពេលដែលភូមាបានប្រឈមមុខនឹងជម្លោះជាមួយក្រុមជនជាតិពិន្ធុផ្សេងៗ តាំងពីទទួលបានឯករាជ្យ ពីប្រទេសអង់គ្លេសក្នុងឆ្នាំ ១៩៤៨ ។
មីយ៉ានម៉ាជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ដែលមានជនជាតិភាគតិចជាង១៣០បែបខុសៗគ្នារស់នៅនិងដែលរដ្ឋាភិបាលបានប្រឈមមុខនឹងក្រុមជនជាតិភាគតិចខ្លះតាំងពីជាងកន្លះសតវត្សមកហើយ ពោលតាំងពីភូមាបានទទួលឯករាជ្យក្នុងឆ្នាំ១៩៤៨។អ្វីដែលក្រុមជនជាតិភាគតិចខ្លះបានតស៊ូប្រដាប់អាវុធទាមទារពីរដ្ឋអំណាចកណ្តាល គឺស្វ័យភាពនៅក្នុងតំបន់ដែលពួកគេរស់នៅ។
អ្វីដែលគួរឲ្យចាប់អារមណ៍បំផុតនោះគឺក្រុមឧទ្ទាមចំនួន៨ក្រុមក្នុងចំណោម ១៥ក្រុមបានចុះហត្ថលេខាលើបទឈប់បាញ់មួយរយៈតែនៅមានក្រុមសំខាន់ផ្សេងទៀតបានបដិសេធមិនចុះហត្ថលេខា។តំបន់ដែលបន្តក្តៅ និងពិបាកគ្រប់គ្រងជាងគេគឺតំបន់ដែលសម្បូរដោយធនធានធម្មជាតិ ពិសេសត្បូងទទឹម ។ ជាការកត់សម្គាល់ចំនួនក្រសួងនៅក្នុងរដ្ឋាភិបាលថ្មីនឹងត្រូវកាត់បន្ថយពី ៣៦មកនៅត្រឹមតែ ២១ក្រសួង ។ តែមានក្រសួងចំនួន ៣ដែលរដ្ឋាភិបាលថ្មីមិនអាចប៉ះបាននិងត្រូវស្ថិតក្រោមការកាន់កាប់របស់កងទ័ព គឺក្រសួងមហាផ្ទៃក្រសួងការពារជាតិ និងក្រសួងទទួលបន្ទុកកិច្ចការព្រំដែន ៕ ម៉ែវ សាធី