ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបទំនងជាស្រវឹង បានបើកចុះពីលើស្ពានជ្រោយចង្វាបួងចង្កូត មិនទាន់ជ្រុលទៅបុកខឿនសួនច្បាររង្វង់មូលជ្រោយចង្វាបណ្តាលឲ្យរថយន្តដាច់កាឡេកង់មុខខាងឆ្វេងទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង១ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលជ្រោយចង្វាថ្មី ស្ថិតនៅក្នុងភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរស១នាក់ ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-3670 ក្នុងទិសដៅពីលិចទៅកើត ចុះមកពីលើស្ពានជ្រោយចង្វាចាស់យ៉ាងលឿន ដោយមានបុរសម្នាក់ទៀតជាអ្នករួមដំណើរ ខណៈមកដល់ចំណុចកើតហេតុរថយន្តបើកចុះលឿនពេកបួងចង្កូត មិនទាន់ក៏ជ្រុលទៅបុកខឿនសួនច្បារបែកអស់មួយផ្ទាំង ចំណែករថយន្តបង្កដាច់កាឡេកង់មុខខាងឆ្វេងបើកទៅមុខលែងរួច ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកកន្លែងកើតហេតុឃាត់ខ្លួនអ្នកបើករថយន្ត ចំណែករថយន្តស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នាជាក្រោយ៕
ដោយ៖ ជ្រោយពេជ្រ