ខេត្តក្រចេះ៖ ស្នងការរងកណ្តាលយុត្តិធម៍ លោកឧត្តមសេនីត្រី អ៊ំ ភី បានឱ្យដឹងតាមទួរស័ព្ទនៅថ្ងៃទី១៩ ខែមីនានេះថា ករណីភ្លើងឆេះផ្ទះដែលបណ្តាលឱ្យស្ត្រីជាម្ចាស់ផ្ទះវ័យ៤២ឆ្នាំម្នាក់ បានស្លាប់នៅក្នុងភ្នក់ភ្លើងយ៉ាងអណោចអាធ័មនោះ ពេលនេះកម្លាំងនគរបាលជំនាញកំពុងធ្វើការស៊ើុបអង្កេត ព្រោះករណីនេះអាចជាករណីឃាតកម្មរួចដុតផ្ទះវង្វែររឿងជារឿងអគ្គីភ័យភ្លើងឆេះផ្ទះតែម្តង ។
យ៉ាងណាក៏ដោយ សំណុំរឿងមួយនេះ លោកស្នងការរងបានអះអាងថា លោកមិនទាន់អាចសន្និដ្ឋានបានទេ ថាជាករណីនេះជាឃាតកម្ម តែក្រោយពីកើតហេតុបុរសជាប្តីស្រ្តីរងគ្រោះ ដែលជាប់សង្ស័យ លើករណីដុតផ្ទះខ្លួនឯងសម្លាប់ប្រពន្ឋនេះក៏បានបាត់ខ្លួននៅពេលនោះដែរ តែពេលនេះកម្លាំងជំនាញកំពុងបើកការស្រាវជ្រាវ និងស្វែងរកបុរសជាប្តីស្រ្តីរងគ្រោះដើម្បីយកមកសាកសួរលើសំណុំរឿងមួយនេះ ។
ហេតុការភ្លើងឆេះផ្ទះបណ្តាលឱ្យស្ត្រីជាម្ចាស់ផ្ទះស្លាប់ក្នុងភ្នក់ភ្លើងនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១៧ខែមីនា ក្នុងភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។ ក្នុងហេតុការនោះ បានបណ្តាលឱ្យស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ អ៊ុន ចន្នីណា អាយុ៤២ឆ្នាំ បានស្លាប់នៅក្នុងភ្នួគភ្លើងឆេះរួញរោលខ្មៅក្នុងគំនរផេះ យ៉ាងអណោចអាធ័ម ។
លោក ច្រឹង ផល្លី ស្នងការរងទទួលបន្ទុកអគ្គីភ័យ បានឱ្យដឹងដែរថា លំនៅដ្ឋានរងគ្រោះដែលត្រូវអគ្គីភ័យឆាបឆេះនេះ មានទំហំ ៦ម៉ែត្រកន្លះ គុណនិង៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ហើយត្រូវឆាបឆេះតែក្នុងរយៈពេលប្រហែល១០នាទីប៉ុណ្ណោះ ឆេះរាបដល់ដីតែម្តង ក្នុងនោះបានបណ្តាលឱ្យស្ត្រីជាម្ចាស់ផ្ទះបានស្លាប់ រួមនិងសម្ភារៈមួយចំនួនទៀត ។លោកថា កម្លាំងអគ្គីភ័យមិនអាចចូលទៅធ្វើអន្តរាគមន៍បានទាន់ពេលនោះទេ ព្រោះផ្លូវចូលទៅកាន់កន្លែងកើតហេតុមានចម្ងាយឆ្ងាយពីទីរួមស្រុកឆ្លូង ។
តាមការលើកឡើង ពីសំណាក់សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានដាក់ការសង្ស័យថា អគ្គីភ័យដែលបានកើតឡើង ហើយបណ្តាលឱ្យស្រ្តីជាម្ចាស់ផ្ទះស្លាប់នេះ គឺប្តីស្រ្តីរងគ្រោះជាអ្នកចាក់សាំងដុតតែម្តង ។
ប្រភពពីពលរដ្ឋក្បែរខាងបាននិយាយថា កន្លងទៅប្តីស្ត្រីរងគ្រោះ គឺតែងតែបង្កជម្លោះជាមួយប្រពន្ឋជាញឹកញាប់ ហើយនៅព្រឹកថ្ងៃកើតហេតុ គេបានលឺគ្រួសារមួយនេះ បានឈ្លោះប្រកែកគ្នាដោយប្រើពាក្យសម្តីស្រែកខ្លាំងៗលុះក្រោយមកក៏ស្ងាត់ឈឹងតែម្តង ។
ប្រភពបានបន្តថា ក្រោយពីស្ងប់ស្ងាត់មួយរយៈនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃដដែលគេបានឃើញអណ្តាតភ្លើងឆាបឆេះចេញពីក្នុងផ្ទះបង្កជាអគ្គីភ័យ ខណៈនោះប្តីស្រ្តីរងគ្រោះក៏បានលោតចុះពីលើផ្ទះ ហើយគេចខ្លួនបាត់តែម្តង ។ ចំណែកអ្នកភូមិបាននិយាយថា ស្ត្រីរងគ្រោះអាចត្រូវប្តីវាយស្លាប់នៅពេលកំពុងឈ្លោះប្រកែកគ្នាតាំងពីព្រឹកមកម្លេះ ហើយប្តីចិត្តអប្រិយនោះក៏យកសាំងមកចាក់ដុតផ្ទះខ្លួនឯងរួមនិងសពស្ត្រីរងគ្រោះ បង្កើតជារឿងអគ្គីភ័យទៅវិញ ៕ កោះទ្រុង