ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនស្រុកពារាំង ខេត្តព្រៃវែង បានបើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកពារាំង។
យោងតាមសេចក្ដីសម្រេចរបស់គណ:កម្មាធិការគណបក្សខេត្តព្រៃវែង ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ បានរំលេចនូវខ្លឹមសារសំខាន់ៗមួយចំនួន សម្រាប់ផ្ដល់ការណែនាំដល់សមាជិកគណបក្សគ្រប់រូប ដែលទាក់ទងដល់ការពង្រឹងសមាជិកគណបក្សប្រជាជននៅមូលដ្ឋានឃុំ សង្កាត់ ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឲ្យទទួលបានជោគជ័យ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនទូទាំងស្រុកពារាំងសម្រេចបាន ទាំងការដោះស្រាយបញ្ហាបំពេញតម្រូវការនានា និងការអភិវឌ្ឍក្នុងមូលដ្ឋានទទួលខុសត្រូវ ដែលជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានផ្តាំផ្ញើឲ្យបន្តភារកិច្ចកាន់តែល្អប្រសើរថែមទៀត ដើម្បីប្រមូលបាននូវសមានចិត្តពីប្រជាពលរដ្ឋ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយក្តីស្រលាញ់ពេញចិត្ត។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្តល់សម្ភារៈការពារជំងឺកូវីដ១៩មួយចំនួន រួមមាន៖ ម៉ាស់ចំនួន ៥០,០០០ម៉ាស់, ថ្នាំចិនព្យាបាលផ្តាសសាយចំនួន ២០០ប្រអប់,
ថ្នាំវីតាមីនសេចំនួន ៥កេសធំ, ថ្នាំព្យាបាលក្រពះចំនួន ២កេស,
និងឧបត្ថម្ភសមាជិកចូលរួមសរុបថវិកាចំនួន ២,៥០០,០០០រៀលផងដែរ៕
ដោយ, សិលា