ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថាដោយសារប្រទេសកម្ពុជា មានផ្ទៃដីដាំដុះ និងមានកម្លាំងបម្រើ ក្នុងវិស័យកសិកម្មច្រើន ដូច្នេះកម្ពុជា នឹងប្រែក្លាយទៅជាប្រទេស ផលិតស្បៀងអាហារ សម្រាប់បម្រើដល់ទីផ្សារ នៃការនាំចេញ និងកំពុងក្លាយជាប្រទេស ក្នុងការផ្គត់ផ្គង់កសិផល ដល់ខ្សែសង្វាក់ផលិតកម្មសកលផងដែរ។
ចំពោះការបញ្ជាក់បែបនេះរបស់លោក ប៉ែន សុវិជាតិ បានថ្លែងប្រាប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា៖ យោងតាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា នឹងប្រែក្លាយទៅជាប្រទេសផលិតស្បៀងអាហារ សម្រាប់បម្រើទៅកាន់ទីផ្សារពិភពលោក នឹងអាចប្រែក្លាយ ទៅជាប្រទេសធ្វើកសិកម្មទំនើប ក្នុងនោះ ក្រសួងក៏បានប្តេជ្ញាចិត្តស្វែងរក ទីផ្សារថ្មីៗទៀត ក្នុងការធ្វើពិពិធកម្មទីផ្សារផងដែរ។ ជាក់ស្តែងមកដល់ពេលនេះ កម្ពុជាកំពុងមានលទ្ធភាព និងមានមុខងារ យ៉ាងសំខាន់ លើការបំពេញបន្ថែម នៅក្នុងខ្សែសង្វាក់ផលិតកម្ម ដើម្បីបម្រើទីផ្សារ នៃការនាំចេញ និងកំពុងក្លាយជាប្រទេស នៅក្នុងការផ្គត់ផ្គង់កសិផល ដល់ខ្សែសង្វាក់ផលិតកម្មសកល។
ដោយឡែកទាក់ទិនទៅនឹងការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងការកែច្នៃផលិតផលក្នុងស្រុក លោកបានបន្ថែមថាៈ ការធ្វើពាណិជ្ជកម្មអន្តរជាតិ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារនាំចេញផលិតផល ជាពិសេសទីផ្សារនាំចេញ កសិផលរបស់កម្ពុជា បានជ្រៀតចូលអន្តរជាតិជាបណ្តើរៗ ជាក់ស្តែង ការនាំចេញអង្ករ ទៅកាន់ទីផ្សារប្រទេសចិន គឺបានកំពុងពេញនិយម និងមានការគាំទ្រយ៉ាងខ្លាំង។ ក្រៅពីនេះ ការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ទោះបីមានការបង់ពន្ធខ្លះៗ យ៉ាងណាក៏ដោយ គឺនៅបន្តការនាំចេញជាធម្មតា ចំណែកសម្រាប់ទីផ្សារ ទំនិញកសិផលផ្សេងៗទៀត ប្រទេសចិន ក៏បានទទួលស្គាល់ អំពីបញ្ហាអនាម័យ ភូតគាមអនាម័យ ដូចជា ចំណិតដំឡូងមី ចេក និងស្វាយស្រស់ ជាដើម។
បេីតាមការប៉ាន់ស្មានតម្លៃ ដែលទទួលបានពីការនាំចេញកសិផល មានចំនួនជាង ២.៥០០ លានដុល្លារ អាម៉េរិក ក្នុងនោះការនាំចេញអង្ករ មានចំនួនជាង ២៣៧ លានដុល្លារ, ស្រូវចំនួន ២៧៩ លានដុល្លារ និងកសិផលក្រៅពីស្រូវ-អង្ករ មានចំនួនប្រមាណជាង ២ ពាន់លានដុល្លារ។
គួរបញ្ជាក់ថា គិតត្រឹមរយៈពេលឆមាសទី១ ឆ្នាំ២០២១នេះ ការនាំចេញកសិផល ពីកម្ពុជា មានបរិមាណសរុបសរុបជាង ៤៤៥ លានតោន ទៅកាន់ទិសដៅ ៦២ ប្រទេស កើនឡើងចំនួនជាង ២០០ លានតោន ស្មើនឹងប្រមាណជាង ៨៤ ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា ទៅនឹងឆ្នាំ២០២០៕ដោយ៖សហការី