តារា​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​អន​ឡាញ​ចិន​ម្នាក់​ ស្លាប់​ក្រោយ​ការវះកាត់​យក​ខ្លាញ់​ចេញ​នាំ​ឱ្យ​ឆ្លង​បាក់តេរី​ស៊ីសាច់​ ខ្វះ​ការយល់ដឹង

ចែករំលែក៖

អន្តរជាតិ​៖ បើ​យោង​តាម​របាយការណ៍​គណៈកម្មការ​សុខាភិបាល​នៃ​ទីក្រុង​ហាង​ចូ​វដែល​ជា​ទីក្រុង​ធំ​ជាង​គេ​ នៅ​ខេត្ត​ចឺ​ជាំង​ភាគ​ខាងកើត បាន​និយាយ​កាលពីពេលថ្មីៗនេះថា​៖​ តារា​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​អន​ឡាញ​ចិន​ម្នាក់​ បានស្លាប់​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ក្រោយ​ការវះកាត់​យក​ខ្លាញ់​ចេញ​នាំ​ឱ្យ​ឆ្លង​បាក់តេរី​ស៊ីសាច់​​នៃ​រាងកាយ​ ​ដើម្បី​កែ​សម្ផស្ស​បាន​បណ្តាល​ឱ្យ​ឆ្លង​មេរោគ​ស្បែក​​យ៉ាង​ធ្ងន់ធ្ងរ​និង​ត្រូវ​ដេក​បន្ទប់សង្គ្រោះបន្ទាន់​រយៈ​ពេល​ពីរ​ខែ​។​

​គណៈកម្មការ​សុខាភិបាល​ខាងលើនេះ​ បាននិយាយបន្ថែមថា​ ​គ្លីនិក​ដែល​វះកាត់​នាង​ ត្រូវ​តែ​ទូទាត់​សង​ខាង​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​​និង​បញ្ឈប់​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​។​

​ជាក់ស្ដែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​គណៈកម្មការ​នេះ​បាន​និយាយថា៖ “​គ្លីនិក​គ្រឿងសំអាង​វេជ្ជសាស្ត្រ​ហួ​យ៉ាន​ ​ខ្វះ​ការយល់ដឹង​ត្រឹមត្រូវ​អំពី​ការវះកាត់​មុន​ពេល​អនុវត្ត​ការវះកាត់​មាន​ការអនុវត្ត​មិន​ត្រឹមត្រូវ​ក្នុង​​អំឡុង​ពេល​វះកាត់ និង​មិន​បាន​ផ្តល់​ការព្យាបាល​ទាន់ពេលវេលា​បន្ទាប់ពី​ការវះកាត់​។ កំហុស​នេះ​បាន​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​”​។​

​សូមជម្រាបថា​ នាង​តា​យ​ គឺជា​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​តាម​អន​ឡាញ​អាយុ ៣៣ ឆ្នាំ​ ដែល​មាន​អ្នកគាំទ្រ​ប្រហែល ១៣០.០០០ នាក់​នៅ​លើ​បណ្តាញ​សង្គម Weibo ហើយ​គេ​តែង​ល្បី​ហៅ​នាង​ថា សៀវ រ៉ា​ន់។​ ហេីយ​​នាង​បាន​ទទួល​វះកាត់​កែកុន​នៅ​ថ្ងៃទី ២ ឧសភា​ដើម្បី​យក​ខ្លាញ់​ចេញ​ពី​ចង្កេះ​និង​ពោះ​ព្រមទាំង​ពង្រីក​ដើមទ្រូង​និង​កែ​បបូរមាត់​។​

​ប៉ុន្តែ​រយៈ​ពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការវះកាត់រួច នាង​បាន​ត្អូញត្អែរ​អំពី​ការឈឺចាប់​ធ្ងន់ធ្ងរ​ពេញ​ខ្លួន​ទាំងមូល​និង​ព្យាយាម​តស៊ូ​នឹងស្ហក់​ផ្នែក​វេជ្ជសាស្ត្រដែល​ពេលខ្លះ​ជា​ស្ថានភាព​ធ្ងន់ធ្ងរ​បណ្តាលមកពី​កង្វះ​ចរន្តឈាម​ឆ្លង​​កាត់​រាងកាយ​។​

​ដោយឡែក​ជុំវិញបញ្ហានេះដែរ​ បេីយោង​តាម​រូប​ដែល​ថត​ពី​អេក្រង់​ទូរស័ព្ទ​ដែល​មិត្ត​របស់​នាង​បង្ហោះ​លើ​បណ្តាញ​សង្គម​ បានបញ្ជាក់​ថា​ នាង​តា​យ​ បាន​តេ​ហៅ​ឡានពេទ្យ​ដឹក​នាង​ទៅ​ព្យាបាល​នៅ​មន្ទីរ​ព្យាបាល​ជំងឺ​បេះដូង​ហ្គ្រី​ន​ថោ​ន​​នៅក្បែរនោះ​។ រូប​នោះ​ក្រោយ​មក​ត្រូវ​បាន​លុបចោល​ពី​បណ្តាញ​សង្គម​ផងដែរ​។

​ចំណែក​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យគ្រីន​ថោន​ ក៏បាននិយាយដែរថា នាង​តា​យ​រងគ្រោះ​ ​ពី​ការ​ខ្សោយ​សរី​រាង​គ្រប់កន្លែង​។ ខណៈ​នៅ​ថ្ងៃទី​៥​ឧសភា​គ្រួសារ​នាង​តា​យ​បាន​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ​សម្ព័ន្ធ​ទី​ពីរ​នៃ​សាកលវិទ្យាល័យ​​វេជ្ជសាស្ត្រចឺ​ជាំង​។

​គួរបញ្ជាក់ថា​ នាង​តា​យ​ ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ឆ្លង​មេរោគ​ជាលិកា​ស្បែក​និង​មេរោគ​ស៊ីសាច់ ដែល​អាច​រាលដាល​យ៉ាង​ឆាប់រហ័ស​និង​មាន​គ្រោះថ្នាក់​ខ្លាំងណាស់​។​ បន្ថែមពីនេះ​​ នាង​ បាន​ចំណាយ​ពេល​ពីរ​ខែ​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​មុនពេល​ស្លាប់​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print