អន្តរជាតិ៖ បើយោងតាមរបាយការណ៍គណៈកម្មការសុខាភិបាលនៃទីក្រុងហាងចូវដែលជាទីក្រុងធំជាងគេ នៅខេត្តចឺជាំងភាគខាងកើត បាននិយាយកាលពីពេលថ្មីៗនេះថា៖ តារាច្នៃម៉ូតសម្លៀកបំពាក់អនឡាញចិនម្នាក់ បានស្លាប់កាលពីថ្ងៃអង្គារសប្តាហ៍មុនក្រោយការវះកាត់យកខ្លាញ់ចេញនាំឱ្យឆ្លងបាក់តេរីស៊ីសាច់នៃរាងកាយ ដើម្បីកែសម្ផស្សបានបណ្តាលឱ្យឆ្លងមេរោគស្បែកយ៉ាងធ្ងន់ធ្ងរនិងត្រូវដេកបន្ទប់សង្គ្រោះបន្ទាន់រយៈពេលពីរខែ។
គណៈកម្មការសុខាភិបាលខាងលើនេះ បាននិយាយបន្ថែមថា គ្លីនិកដែលវះកាត់នាង ត្រូវតែទូទាត់សងខាងហិរញ្ញវត្ថុដល់គ្រួសារនិងបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
ជាក់ស្ដែងនៅក្នុងសេចក្តីថ្លែងការណ៍មួយគណៈកម្មការនេះបាននិយាយថា៖ “គ្លីនិកគ្រឿងសំអាងវេជ្ជសាស្ត្រហួយ៉ាន ខ្វះការយល់ដឹងត្រឹមត្រូវអំពីការវះកាត់មុនពេលអនុវត្តការវះកាត់មានការអនុវត្តមិនត្រឹមត្រូវក្នុងអំឡុងពេលវះកាត់ និងមិនបានផ្តល់ការព្យាបាលទាន់ពេលវេលាបន្ទាប់ពីការវះកាត់។ កំហុសនេះបានបណ្តាលឱ្យជនរងគ្រោះស្លាប់”។
សូមជម្រាបថា នាងតាយ គឺជាអ្នកច្នៃម៉ូតសម្លៀកបំពាក់តាមអនឡាញអាយុ ៣៣ ឆ្នាំ ដែលមានអ្នកគាំទ្រប្រហែល ១៣០.០០០ នាក់នៅលើបណ្តាញសង្គម Weibo ហើយគេតែងល្បីហៅនាងថា សៀវ រ៉ាន់។ ហេីយនាងបានទទួលវះកាត់កែកុននៅថ្ងៃទី ២ ឧសភាដើម្បីយកខ្លាញ់ចេញពីចង្កេះនិងពោះព្រមទាំងពង្រីកដើមទ្រូងនិងកែបបូរមាត់។
ប៉ុន្តែរយៈពេលពីរថ្ងៃបន្ទាប់ពីការវះកាត់រួច នាងបានត្អូញត្អែរអំពីការឈឺចាប់ធ្ងន់ធ្ងរពេញខ្លួនទាំងមូលនិងព្យាយាមតស៊ូនឹងស្ហក់ផ្នែកវេជ្ជសាស្ត្រដែលពេលខ្លះជាស្ថានភាពធ្ងន់ធ្ងរបណ្តាលមកពីកង្វះចរន្តឈាមឆ្លងកាត់រាងកាយ។
ដោយឡែកជុំវិញបញ្ហានេះដែរ បេីយោងតាមរូបដែលថតពីអេក្រង់ទូរស័ព្ទដែលមិត្តរបស់នាងបង្ហោះលើបណ្តាញសង្គម បានបញ្ជាក់ថា នាងតាយ បានតេហៅឡានពេទ្យដឹកនាងទៅព្យាបាលនៅមន្ទីរព្យាបាលជំងឺបេះដូងហ្គ្រីនថោននៅក្បែរនោះ។ រូបនោះក្រោយមកត្រូវបានលុបចោលពីបណ្តាញសង្គមផងដែរ។
ចំណែកវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យគ្រីនថោន ក៏បាននិយាយដែរថា នាងតាយរងគ្រោះ ពីការខ្សោយសរីរាងគ្រប់កន្លែង។ ខណៈនៅថ្ងៃទី៥ឧសភាគ្រួសារនាងតាយបានបញ្ជូននាងទៅមន្ទីរពេទ្យសម្ព័ន្ធទីពីរនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រចឺជាំង។
គួរបញ្ជាក់ថា នាងតាយ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញឆ្លងមេរោគជាលិកាស្បែកនិងមេរោគស៊ីសាច់ ដែលអាចរាលដាលយ៉ាងឆាប់រហ័សនិងមានគ្រោះថ្នាក់ខ្លាំងណាស់។ បន្ថែមពីនេះ នាង បានចំណាយពេលពីរខែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់មុនពេលស្លាប់៕ដោយ៖សហការី