ខេត្តកណ្តាល៖ បុរសជនជាតិចិនសហការជាមួយបុរសជនជាតិខ្មែរចាប់នារីម្នាក់រំលោភសេពសន្ថវៈនៅក្នុងបន្ទប់ស្នាក់នៅក្នុងរោងចក្រកាត់ដេរយីហោ “ម៉េងតុង ម៉េងយ៉ាន់” ហៅរោងចក្រដើមខ្វិត ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ។ ក្រោយពីកើតហេតុនារីរងគ្រោះជាជនជាខ្មែរបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាល ហើយសមត្ថកិច្ចក៏បានចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅវេលាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ តាមបញ្ជារបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះទី១-ឈ្មោះ សៀ ស៊ាវស៊ាន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរជា ប្រធានសន្តិសុខនៅរោងចក្រម៉េងយ៉ាន់ បច្ចុប្បន្នស្នាក់នៅក្នុងទីតាំងរោងចក្រ ទី២-ឈ្មោះ យូ សុភក្រ័ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជា ប្រធានសន្តិសុខរោងចក្រម៉េងយ៉ាន់ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅក្នុងទីតាំងរោងចក្រ ។ ចំណែកឯនារីរងគ្រោះឈ្មោះ ព ល.ដ អាយុ១៩ឆ្នាំ មុខរបរជា សន្តិសុខBPD បច្ចុប្បន្នស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ។
លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា នៅវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បានដើរទៅហៅនារីរងគ្រោះដែលកំពុងធ្វើការងារនៅក្នុងរោងចក្រឲ្យទៅជួបជាមួយជនសង្ស័យឈ្មោះ សៀ ស៊ាវស៊ាន នៅក្នុងការិយាល័យ ។ ពេលទៅដល់ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បាននិយាយបកប្រែឲ្យជនសង្ស័យឈ្មោះ សៀ ស៊ាវស៊ាន ថា “ចិនស្រឡាញ់ និងសុំដេកជាមួយរយៈពេលមួយយប់” ពេលឮដូច្នេះនារីរងគ្រោះមិនបានយល់ព្រមទេ ។ ក្រោយមកទើបឈ្មោះ យូ សុភ័ក្រ និយាយបកប្រែបបួលនារីរងគ្រោះទៅដើរលេងនៅក្នុងក្លិប នារីរងគ្រោះនៅតែមិនព្រម ។ ជនសង្ស័យឈ្មោះ យូ សុភ័ក្រ និយាយបកប្រែឲ្យជនជាតិចិនទៀតថា “គេធំ បើយើងធ្វើប្រពន្ធគេ យើងធំជាងគេ” ។ និយាយចប់ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បានចាប់នារីរងគ្រោះថើបរួចដើរចេញពីការិយាល័យបាត់ទៅ ។
លោកអធិការបានបន្តថា ពេលជនសង្ស័យឈ្មោះ យូ សុភ័ក្រដើរចេញទៅបានជនសង្ស័យឈ្មោះ សៀ ស៊ាវស៊ាន ដែលជាជនជាតិចិនបានចាប់ច្របាច់.កនារីរងគ្រោះអូសចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួនរុញផ្តួលទៅលើគ្រែធ្វើសកម្មភាពរំលោភ រហូតបានសម្រេច ។ បន្ទាប់មកជនសង្ស័យបានធ្វើកាយវិការគំរាមអារ.កនារីរងគ្រោះ រួចបន្តដកយកដៃរបស់ខ្លួនទៅអង្អែលលេងប្រដាប់ភេទនារីរងគ្រោះរយៈពេល៣ទៅ៤ម៉ោង ទើបអនុញ្ញាតិឲ្យនារីរងគ្រោះចេញពីបន្ទប់ ។
លោក សេង សុជាតិ បានបញ្ជាក់ថា ក្រោយមកនារីរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលស្រុក ហើយសមត្ថកិច្ចនគរបាលស្រុកស្អាងបានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចុះធ្វើការស្រាវជ្រាវនាំខ្លួនជនសង្ស័យទាំង២នាក់យកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកនៅវេលារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ រហូតដល់វេលាល្ងាចថ្ងៃដដែលទើបលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ