ភ្នំពេញ : យោងតាមការឲ្យដឹងពីសមត្ថកិច្ចជំនាញនៃមន្ទីរបង្ក្រាបគ្រឿងញៀនក្រសួងមហាផ្ទៃបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង៣៥នាទីកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ គឺទី១-នៅចំណុចផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ, ទី២- នៅចំណុចអតីតរោងចក្រទឹកដោះគោតាមផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ, ទី៣-នៅចំណុចផ្ទះជួលលេខ១៣២៩ ផ្លូវលេខ១០៣ ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ និងទី៤-ផ្ទះដេ២ ផ្លូវបេតុង ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់គឺទី១-ឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។ទី២-ឈ្មោះ សុខ ពន្លក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ
ព្រមទាំងចាប់យកវត្ថុតាង ជាសារធាតុញៀនសរុប៥០គ.ក្រ២៨៦,៦៦ក្រាម ក្នុងនោះមានមេតំហ្វេតាមីន(ICE) ៣០កញ្ចប់ធំ ៤កញ្ចប់តូច ស្មើនឹងទម្ងន់៣០គ.ក្រ៣៤០ក្រាម, កេតាមីន(Ketamine) ២០កញ្ចប់ធំ ស្មើទម្ងន់ ១៩គ.ក្រ៩៤៦,៦៦ក្រាម, ទូរស័ព្ទ ៣គ្រឿង, ម៉ូតូ១គ្រឿង និងរថយន្ត ១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕
ដោយ ស សម