ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ សម្រេចផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មការលក់ដូរទាំងអស់នៅក្នុងផ្សារអង្គតាសោមនិងបរិវេណជុំវិញផ្សារទាំងអស់ ដែលស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ ចាប់ពីម៉ោង១៤រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។
ការសម្រេចផ្អាកជាបណ្ដោះអាសន្ននាពេលនេះ គឺ ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត។
អាជីវករលក់ដូរនៅក្នុងផ្សារនិងបរិវេណជុំវិញផ្សារទាំងអស់ មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេ រោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល ។
ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកសំណាកពីអាជីវករ ទាំងអស់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មណ្ឌលចត្តាឡីស័ក ច័ន្ទសោមសែនមង្គល ក្នុងករណីបងប្អូនខកខាន មិនបានទៅផ្តល់វត្ថុសំណាកតាមកាលកំណត់ខាងលើត្រូវទៅផ្ដល់សំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលំនៅស្ថានរបស់បងប្អូនប្រជាពលរដ្ឋ។អាជីវករទាំងអស់ព្រមទាំងក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល។ ក្នុងអំឡុងពេលនៃការអនុវត្តន៍វិធានការផ្អាកជាបណ្តោះអាសន្ន ត្រូវបានហាមឃាត់ការចេញ ចូល ការ ជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម ៖
ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅស្ថាន ឬ ទីសំណាក់ជាមួយគ្នា។ ការជួបជុំរបស់មន្រ្តីសុខាភិបាល ដើម្បីយកសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ និងបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងៗទៀត ។
ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ឬ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការ បំពេញការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្រ នៃការផ្អាកជា បណ្តោះអាសន្ននេះ។
– សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន។
រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល ពិសេសអនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា គឺ”៣កុំ ៣ការពារ” រួមមានការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងប្រកាន់ខ្ជាប់នូវធ្វើយ៉ា ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។
ត្រូវបានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកត្រាំកក់ និងឃុំអង្គតាសោម ដើម្បីបង្កើតក្រុមការងារលើការងារ ក្នុងភូមិសាស្ត្រ ដែលផ្អាកជាបណ្ដោះអាសន្ន សម្រាប់ទទួលការអនុវត្តន៍ និងសម្របសម្រួលលើការងារចាំបាច់រៀបរយ៕
ដោយ, សិលា