ខេត្តសៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តបញ្ជូនអ្នកល្បែងស៊ីសងបៀរ អាប៉ោង ចំនួន២នាក់ទៅតុលាការ ក្រោយចុះប្រតិបត្តិការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង) កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ២០១៦ថា ល្បែងស៊ីសងខុសច្បាប់(បៀរ អាប៉ោង)នេះគឺថ្នាក់លើ បានបញ្ជាឱ្យចុះបង្ក្រាប នៅក្នុងខេត្តសៀមរាបឱ្យអស់ ដើម្បីឱ្យសមស្របទៅនិងច្បាប់ ស្តីពីភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលមានចែងក្នុងច្បាប់។
លោកបន្តថា មេ បៀរ អាប៉ោង និងអ្នកលេង ដែលត្រូវកម្លាំងជំនាញធ្វើការឃាត់ខ្លួនបានទាំង២នាក់នៅស្រុកសូទ្រនិគមនោះមាន ឈ្មោះ ឌិត តន់ ភេទប្រុស អាយុ៥៤ឆ្នាំ(មេអាប៉ោង) មានទីលំនៅភូមិស្ទឹង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប និងម្នាក់ទៀតឈ្មោះ ស្គន់ ឌុង ហៅឈាម ឌុង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរយោធានៅប្រាសាទតាមាន់ ត្រូវបានមេបញ្ជាការឱ្យចូលនិវត្តន៍ ព្រោះជននេះមានផ្ទុកមេរោគអេដស៍ ហើយឱ្យមកព្យាបាលនៅផ្ទះ ដើម្បីមើលជម្ងឺ ប៉ុន្តែ (មកចូលលេងបៀរ អាប៉ោង) មានទីលំនៅបច្ចុប្បន្នភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ព្រមទាំងដកហូតបានវត្ថុតាងរួមមានៈ គ្រាប់អាប៉ោងចំនួន១ គ្រាប់ ក្រដាសខាត់ទំហំ១៧ សង់ទីម៉ែត្រ គុណ ៧សង់ទីម៉ែត្រ និងប្រាក់មួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យ(មេបៀរអាប៉ោងនិងអ្នកលេង)ទាំង២នាក់ ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ជានិរន្ដរ៍