ខេត្តក្រចេះ៖ រថយន្តយីឌុបប្រភេទសណ្តូង មានដឹកដំឡូងមីមួយគ្រឿងត្រូវបានកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើក្រចេះ ចាប់ឃាត់ក្រោយពីសង្ស័យថា រថយន្តដឹកដំឡូងមីមួយគ្រឿងនេះ មានលួចបង្កប់ឈើពីក្រោម។ ក្រោយពីចាប់ឃាត់រួចមក នៅព្រឹកថ្ងៃទី២៦ខែមីនានេះ កម្លាំងជំនាញបានឆែកឆែរ ហើយឃើញថា រថយន្តនេះពិតជាមានលួចបង្កប់ឈើអារប្រភេទលេខ២ជាច្រើនម៉ែត្រគូប។
ជាមួយនិងការចាប់ឃាត់រថយន្តយីឌុបខ្នាតយក្ស មានដឹកដំឡូងមីលួចបង្កប់ដាក់ឈើពីក្រោមនេះ គឺសមត្ថកិច្ចពុំបានចាប់ឃាត់ខ្លួនជនណាម្នាក់ដែលជាប់ពាក់ព័ន្ធនោះទេ ដោយសមត្ថកិច្ចបានអះអាងថា ខណៈដែលសមត្ថកិច្ចស្ទាក់ឃាត់នោះ គឺអ្នកបើកបររថយន្តរួមនិងព្រូម្នាក់ទៀតបានលោតចុះពីរថយន្តហើយរត់គេចខ្លួនបាត់ ។
មន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឱ្យដឹងថា រថយន្តយីឌុបមួយគ្រឿងនេះ ត្រូវបានកម្លាំងជំនាញស្ទាក់ចាប់ឃាត់បាន កាលពីល្ងាចថ្ងៃ ២៤ខែមីនា លើកំណាត់ផ្លូវជាតិលេខ៧ (អាស៊ាន) ក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោយពីចាប់ឃាត់់រថយន្តនេះត្រូវបាននាំមករក្សាទុកនៅស្ថានីយ៍បណ្តុះកូនឈើខ្សារស្ថិតក្នុងភូមិខ្សារ ឃុំកន្ទួត ស្រុកចិត្របុរី ។
ប្រភពបានឱ្យដឹងថា រថយន្តយីឌុបមួយគ្រឿងនេះ បានលួចដឹកជញ្ជូនឈើអារប្រភេទលេខ២ បង្កប់ក្រោមបេដំឡូងមី ដឹកលោតឆត្រចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដុងណាយដុងហ្វូ ដែលមានទីតាំងនៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ការចាប់ឃាត់រថយន្តយីឌុបដឹកឈើមួយគ្រឿងនេះ គឺត្រូវបានគេបង្ហើបប្រាប់ថា មកពីថៅកែឈើមិនបានរត់ការឱ្យសប់ជ្រុងជ្រោយ ដោយសមត្ថកិច្ចជំនាញខ្លះត្រូវបានថៅកែឈើបានរត់ការជាមុន ដោយឡែកសមត្ថកិច្ចខ្លះទៀត គឺថៅកែឈើ មិនបានរត់ការជាមុន ទើបឈានដល់ការចាប់បង្ក្រាបទាំងឈើទាំងរថយន្តតែម្តង ។
មន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះបាននិយាយថា រហូតមកដល់ព្រឹកថ្ងៃទី២៦ខែមីនានេះ តួលេខនៃ ចំនួនឈើដែលបានលួចបង្កប់ក្រោមបេដំឡូងមីនោះ គឺមិនទាន់មានតួលេខពិតប្រាកដនៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងនៅរើឈើវាស់វែងនៅឡើយ តែបើតាមការសន្និដ្ឋាន ឈើនេះអាចមានចំនួនពី៣០ម៉ែត្រគូបឡើងទៅ ព្រោះឈើរាប់ដាក់ស្ទើរពេញរថយន្ត ហើយដាក់បេដំឡូងមីសើរៗពីលើប៉ុណ្ណោះ។
នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ លោក ប៊ួយ រតនា បានឱ្យដឹងតាមទួរស័ព្ទថា ជាមួយនិងការចាប់ឃាត់រថយន្តនេះ គឺសមត្ថកិច្ចមិនបានចាប់ឃាត់ខ្លួនជនណាម្នាក់នោះទេ ព្រោះអ្នកបើកបររួមនិងព្រូបានរត់គេចខ្លួនមុនសមត្ថកិច្ចចុះទៅដល់ ។ លោកថា ក្រោយពីវាស់វែងរកចំនួនឈើពិតប្រាកដហើយនោះ ជំនាញរដ្ឋបាលព្រៃឈើនិងចងក្រងសំណុំរឿង ហើយចេញសេចក្តីជូនដំណឺងប្រកាសដើម្បីរកម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយ តែបើម្ចាស់ឈើនៅតែមិនចេញមុខមកទទួលខុសត្រូវទេនោះ កម្លាំងជំនាញនិងកសាងសំណុំរឿងបន្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីមាននីតិវិធីបន្ត ៕
ដោយ៖ កោះទ្រុង