Update: ចាប់ឃាត់រថយន្តយីឌុបដឹកដំឡូងមីសង្ស័យមានលួចបង្កប់ឈើរួចរើឆែកឆែររកឃើញឈើអារលេខ២ រាប់សិបម៉ែត្រគូប

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្តយីឌុបប្រភេទសណ្តូង មានដឹកដំឡូងមីមួយគ្រឿងត្រូវបានកម្លាំងជំនាញ​ផ្នែករដ្ឋបាល​ព្រៃឈើ​ក្រចេះ ចាប់ឃាត់ក្រោយពីសង្ស័យថា រថយន្តដឹកដំឡូងមីមួយគ្រឿងនេះ មានលួចបង្កប់ឈើពីក្រោម។ ក្រោយ​ពីចាប់ឃាត់រួចមក នៅព្រឹកថ្ងៃទី២៦ខែមីនានេះ កម្លាំងជំនាញបានឆែកឆែរ ហើយឃើញ​ថា រថយន្តនេះ​ពិតជា​មានលួចបង្កប់ឈើអារប្រភេទលេខ២ជាច្រើនម៉ែត្រគូប។

ជាមួយនិងការចាប់ឃាត់រថយន្ត​យីឌុបខ្នាតយក្ស មានដឹកដំឡូងមីលួចបង្កប់ដាក់ឈើពីក្រោមនេះ គឺ​សមត្ថកិច្ច​ពុំបាន​ចាប់ឃាត់​ខ្លួនជនណាម្នាក់ដែលជាប់ពាក់ព័ន្ធនោះទេ ដោយសមត្ថកិច្ចបានអះអាងថា ខណៈដែលសមត្ថកិច្ចស្ទាក់​ឃាត់នោះ គឺអ្នកបើកបររថយន្តរួមនិងព្រូម្នាក់ទៀតបានលោតចុះពីរថយន្តហើយ​រត់គេចខ្លួនបាត់ ។

មន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឱ្យដឹងថា រថយន្តយីឌុបមួយគ្រឿងនេះ ត្រូវបានកម្លាំងជំនាញ​ស្ទាក់ចាប់ឃាត់បាន ​ កាលពីល្ងាចថ្ងៃ ២៤ខែមីនា លើកំ​ណាត់​ផ្លូ​​​​វ​ជាតិ​លេខ៧ (អាស៊ាន) ក្នុងឃុំគោលាប់​ ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោយពីចាប់ឃាត់់រថយន្តនេះត្រូវ​បាននាំមករក្សាទុកនៅស្ថានីយ៍បណ្តុះ​កូនឈើខ្សារស្ថិត​ក្នុងភូមិខ្សារ ឃុំកន្ទួត ស្រុកចិត្របុរី ។

ប្រភពបាន​ឱ្យដឹងថា រថយន្តយីឌុបមួយគ្រឿងនេះ បានលួចដឹកជញ្ជូនឈើអារប្រភេទលេខ២ បង្កប់ក្រោម​បេដំឡូងមី ដឹកលោតឆត្រចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដុងណាយដុងហ្វូ ដែលមានទីតាំង​នៅក្នុង​ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ការចាប់ឃាត់រថយន្តយីឌុបដឹកឈើមួយគ្រឿងនេះ គឺត្រូវបានគេ​បង្ហើប​ប្រាប់ថា  មកពីថៅកែឈើមិនបានរត់ការឱ្យសប់ជ្រុងជ្រោយ ដោយសមត្ថកិច្ចជំនាញខ្លះត្រូវបាន​ថៅកែឈើ​បានរត់ការជាមុន ដោយឡែកសមត្ថកិច្ចខ្លះទៀត គឺថៅកែឈើ មិនបានរត់ការជាមុន ទើបឈានដល់ការចាប់​បង្ក្រាបទាំងឈើទាំងរថយន្តតែម្តង ។

មន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះបាននិយាយថា រហូតមកដល់ព្រឹកថ្ងៃទី២៦ខែមីនានេះ តួលេខនៃ ចំនួនឈើដែលបានលួចបង្កប់ក្រោមបេដំឡូងមីនោះ គឺមិនទាន់មានតួលេខពិតប្រាកដនៅឡើយ​ទេ ព្រោះ​សមត្ថ​កិច្ចកំពុងនៅរើឈើវាស់វែងនៅឡើយ តែបើតាមការសន្និដ្ឋាន ឈើនេះអាចមានចំនួនពី៣០ម៉ែត្រគូបឡើងទៅ ព្រោះឈើ​រាប់ដាក់ស្ទើរពេញរថយន្ត ហើយដាក់បេដំឡូងមីសើរៗពីលើប៉ុណ្ណោះ។

នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ លោក ប៊ួយ រតនា បានឱ្យដឹងតាមទួរស័ព្ទថា ជាមួយនិងការ​ចាប់ឃាត់​រថយន្តនេះ គឺសមត្ថកិច្ចមិនបានចាប់ឃាត់ខ្លួនជនណាម្នាក់នោះទេ ព្រោះអ្នកបើកបររួមនិងព្រូបានរត់គេច​ខ្លួនមុន​សមត្ថកិច្ចចុះ​ទៅ​ដល់ ។ លោកថា ក្រោយពីវាស់វែងរកចំនួនឈើពិតប្រាកដហើយនោះ ជំនាញរដ្ឋបាលព្រៃឈើ​និង​ចង​ក្រងសំណុំរឿង ហើយចេញសេចក្តីជូនដំណឺងប្រកាសដើម្បីរកម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយ តែបើម្ចាស់​ឈើនៅ​តែមិនចេញមុខមកទទួលខុសត្រូវទេនោះ កម្លាំងជំនាញនិងកសាងសំណុំរឿងបន្តបញ្ជូនទៅសាលា​ដំបូងខេត្ត ដើម្បីមាននីតិវិធីបន្ត ៕

IMG_1837

IMG_1828

IMG_1835

...

ដោយ៖ កោះទ្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print