ខេត្តបន្ទាយមានជ័យ, លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ថា, កិច្ចប្រតិបត្តិការជាមួយថ្នាក់ដឹកនាំកងកម្លាំង មន្ត្រីជំនាញគ្រូពេទ្យ សម្របសម្រួល ដោះស្រាយបន្ទាន់ ក្នុងថ្ងៃទី១៨ សីហានេះ ដោយមានផ្ទុះករណីរកឃើញវិជ្ជមានកូវីដ១៩ នៅមណ្ឌលជីវិតថ្មីភ្នំបាក់(អ្នកបន្សាប់គ្រឿងញៀន) ក្រុងសិរីសោភ័ណ ។
លោកបន្តថា, ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់វិធានការ រឹតបន្តឹងដោយអនុវត្តន៍តាមវិធានសុខាភិបបាល ដើម្បីទប់ស្កាត់ កាត់ផ្តាច់ការរីករាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍យើង ។
សូមបញ្ជាក់ថា, ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានធ្វើតេស្តរហ័ស (Rapid Test) លើយុវជន យុវនារី កំពុងបន្សាបថ្នាំ ញៀននៅ មណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំនួន៦៦០នាក់ ក្នុងនោះរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៦០១នាក់ មានស្រីចំនួន៣០នាក់។
លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន បានប្រាប់ឱ្យដឹងថា «ក្នុងមណ្ឌលនេះមានមន្ត្រីនគរបាលម្នាក់ និងមន្ត្រីមន្ទីរម្នាក់ មានវិជ្ជមានកូវីដ១៩ តមក ដោយមានការសង្ស័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ គ្រូពេទ្យជួរមុខបានមកយកសំណាកក្នុងមណ្ឌលក្នុងនោះ មន្ត្រីសមត្ថកិច្ច និងជំនាញអវិជ្ជមានចំនួន៨០នាក់។ ប៉ុន្តែអ្នកបន្សាបសារធាតុញៀន ចំនួន៦៦០នាក់ បានកើតជំងឺកូវីដ១៩ មានចំនួន៦០១នាក់ ស្រី៣០នាក់»។
សូមជម្រាបជូនថា, ការធ្វើសំណាករកមេរោគកូវីដ១៩នេះ ប្រព្រឹត្តឡើងក្រោមវត្តមានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្ត និងមានចូលរួមពីលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, លោក ភា ម៉ានិត អនុប្រធានមន្ទីរ និងជាប្រធានមណ្ឌលជីវីតថ្មីភ្នំបាក់, លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា, តាមរយៈការធ្វើតេស្តរហ័សបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ៦៨៩ នាក់ ភាគច្រើនជាពលករមកពីប្រទេសថៃ។
នៅយប់ថ្ងៃទី១៨ ខែសីហានេះផងដែរសុខាភិបាលបានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មាន ៨៥,៧០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៣៥,៧៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ, សិលា