អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពីពីរាយការណ៍ប្រចាំថ្ងៃរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៧,៤៩១ករណីបន្ថែមទៀត ខណៈអ្នកជំងឺចំនួន ២៤២នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៧,០៩៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៣៩៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ២២,១៣៤នាក់ផ្សេងទៀត ក្រោយជាសះស្បើយ ក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។
គួរបញ្ជាក់ថា ប្រទេសថៃ រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១,០៦៦,៧៨៦ករណី ក្នុងនោះមានអ្នកស្លាប់ ៩,៥៦២នាក់ និងអ្នកជាសះស្បើយឡើងវិញ ៨៦១,៩៨៩នាក់៕ដោយ៖ស តារា