ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូហុងដារសេ១២៥មួយគ្រឿងក្នុងល្បឿនលឿន ហើយបានគេចពីរថយន្តមកពីមុខ បណ្តាលអោយចាប់ហ្វ្រាំង ដួលកាលពីវេលាម៉ោង ១រំលងអាធ្រាត ឈានចូលថ្ងៃទី ២៩ មិនា ២០១៦ នៅតាមបណ្តោយផ្លូវជាតិ៣ មុខស្ថានីយ៍សាំង សម ប្រាថ្នា ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះទាំង២នាក់ ទី១មានឈ្មោះ ប៉ាត់ វណ្ណនី អាយុជាង៣០ឆ្នាំ មុខរបរជាងដែកស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ទី២មានឈ្មោះ ជុក វាន់ អាយុ៤៣ ឆ្នាំមុខរបរកម្មករសំណង់។
តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ខាងលើនេះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដារឌ្រីមសេ១២៥ ស៊េរី២០១៣ពណ៍ខ្មៅពាក់ស្លាកលេខកណ្តាល 1F-6542 ជិះតាមបណ្តោយផ្លូវជាតិ៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនហើយខណៈជិះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀតបើកមកបញ្ច្រាស់ទិសគ្នា ពីត្បូងទៅជើងក្នុងលឿនលឿនបានវ៉ារថយន្តមួយគ្រឿងទៀតហើយបានជ្រុលមកខាង ម៉ូតូ បណ្តាលអោយអ្នកជិះម៉ូតូចាប់ហ្វ្រាំងដួលអូសជាង៥ម៉ែត្រធ្វើអោយអ្នកជិះពីក្រោយដែកក្បាលហូរឈាមស្រោចមុខ រីអ្នកឌុបរបួសក្បាលជង្គង់ រីឯម៉ូតូវិញខូចខាតបន្តិចបន្តួច ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តក្រុមសង្គ្រោះ មកដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូជនរងគ្រោះត្រូវបានយកមករក្សាទុកនៅប៉ុស្តិនគរបាលចោមចៅ រងចាំសាច់ញាតិមកទទួលទៅជួសជុល៕
ដោយ៖ សុខាសែនជ័យ