ភ្នំពេញ៖ វិស័យកីឡាប្រណាំងម៉ូតូ គឺជាប្រភេទកីឡាថ្មីសម្រាប់ប្រជាជនកម្ពុជា ដែលធ្លាប់ឮ និងទស្សនាតាមកញ្ចកទូរទស្សន៍នានា របស់បរទេស ចាប់ទាំងពីសហព័ន្ធកីឡាយានយន្តត្រូវបង្កើតឡើង និងមានការទទួលស្គាល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដោយស្រប់ច្បាប់នោះ ទើបធ្វើឲ្យកីឡាការិនីតែម្នាក់គត់របស់កម្ពុជា បានបង្ហាញនូវទេពកោសល្យ នៅលើផ្លូវបត់នឹងកែងប្រកួតប្រជែងជាមួយប្រុសៗជាច្រើននាក់ផងដែរ ។
កីឡាការិនី ឃុន នីត បានចូលរួមប្រណាំងម៉ូតូប្រភេទលេខអូតូ ក្នុងព្រឹត្តិការណ៍ Kara Cup Rece2016 បាននិយាយប្រាប់នូវអារម្មណ៍ពិតដល់ភ្នាក់ងារយកព័ត៌មាននគរវត្តថា សម្រាប់នាងខ្ញុំនេះគឺជាលើកដំបូងហើយ ដែលបានចូលរួមប្រណាំងម៉ូតូដ៏ធំនៅកម្ពុជាបានធ្វើឲ្យយុវជនដែលស្រឡាញ់វិស័យកីឡាប្រណាំងម៉ូតូត្រេកអរមែនទែន ។
បើទោះបីកីឡាការិនីវ័យ២៩ឆ្នាំរូបនេះមិនទាន់មានក្រុម ឬក្លិបសម្រាប់ចូលរួមហ្វឹកហាត់ឲ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដារអន្តរជាតិ ក៏ដោយ ប៉ុន្តែនាងបានបញ្ជាក់ប្រាប់នគរវត្តថា កន្លងទៅខ្ញុំធ្លាប់តែជិះម៉ូតូធម្មតា និងប្រភេទម៉ូតូស្ព័រ មានលក្ខណៈជិះទៅធ្វើដូចគេឯងឯដែរ ប៉ុន្តែអ្វីដែលបានជំរុញឲ្យខ្ញុំកាន់តែស្និទ្ធស្នាលជាមួយម៉ូតូធំ គឺខ្ញុំតែងតែបានជិះម៉ូតូលក្ខណៈមនុស្សធម៌នានា ទៅតាមបណ្តាខេត្តឆ្ងាយៗក្នុងព្រះរាជណាចក្រកម្ពុជា ជាមួយក្រុមការងារ ទើបធ្វើឲ្យទឹកចិត្តរបស់នាងខ្ញុំក្លាហានឡើងមួយកម្រិតទៀត ។
នាថ្ងៃអនាគតខាងមុខដ៏ខ្លីនេះ ឃុន នីត អះអាងថា ខ្ញុំមានបំណងស្វែងរកក្រុមឬក្លិបដូចជា Kara, top one ដើម្បីហ្វឹកហាត់បន្ថែមនូវបច្ចេកទេស សម្រាប់ការចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍ Kara Cup និងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀត ។
កីឡាការិនី ឃុន នីត បានសំណូមពរដល់យុវជនទាំងអស់ងាក់មកចាប់អារម្មណ៍ការជិះម៉ូតូជាលក្ខណៈ ក្រុមឬក្លិបហើយហ្វឹកហាត់សម្រាប់ចូលរួមប្រកួត ជៀសវាងជិះម៉ូតូនូវតាមទីសាធារណៈ ធ្វើគេមើល ងាយនិងឲ្យនាំប៉ះពាលដល់សេចក្តីថ្លៃថ្នូរ ពិសេសត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវនានា ៕
ដោយ៖សារីម