ខេត្តពោធិ៍សាត់: នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ លោក កែវ រិទ្ធី អនុប្រធានសភាពាណិជ្ជកម្មខេត្ត តំណាង លោក ឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារនៃសភាពាណិជ្ជកម្មខេត្ត បាននាំយកថវិកាចំនួន ១៣០០០ ដុល្លារសហរដ្ឋអាមេរិក ជូនស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងគោលបំណងជួយឧបត្ថម្ភក្នុងការសាងសង់អាគារអន្តរាគមន៍ថ្មី ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានសម្តែងនូវសេចក្តី អំណរអរគុណ ចំពោះលោក កែវ រិទ្ធី ព្រមទាំងក្រុមការងារ ជាពិសេសលោក ឯកឧត្តម ឧកញ៉ា ទុយ គី ដែលតែងតែ ជួយឧបត្ថម្ភ ជាថវិកា ជាសម្ភារៈ មកដល់ស្នងការដ្ឋាននគរបាលខេត្ត និងសូមជូនពរដល់លោក កែវ រិទ្ធី និងក្រុមការងារ ព្រមទាំងលោក ឧកញ៉ា ជួបតែពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈសុខៈ ពលៈ និងប្រកបការងារជោគជ័យគ្រប់ភារ:កិច្ច ។ ក្នុងឱកាសនោះដែរ លោកស្នងការក៏បានអញ្ជើញ លោក កែវ រិទ្ធី ព្រមទាំងក្រុមការងារ ពិនិត្យទីតាំងសាងសង់អាគារថ្មី សម្រាប់កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរខេត្តពោធិ៍សាត់ ផងដែរ ៕