ខេត្តឧត្តរមានជ័យ, នៅថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ និងសមត្ថកិច្ចពាក់ពន្ធ បានឃាត់ និងពិន័យយានយន្តដឹកជញ្ជូនទំនិញរបស់ប្រទេសថៃ ដែលដឹកលើសទម្ងន់កម្រិតកំណត់សរុបចំនួន ១៣គ្រឿង ឆ្លងកាត់តាមច្រកព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។ យានយន្តទាំង ១៣គ្រឿងនោះ ដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៧តោន ទៅ ០៨តោន ក្នុងនោះដឹកទំនិញដូចជា ស៊ីម៉ងត៍ ជ្រូក អំបិល ផ្លែឈើ និងប្រហិត។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើនៅលើផ្លូវជាតិលេខ៦៨ ត្រង់ចន្លោះគ.ម ១០៦-១០៧ ក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕
ដោយ, សិលា