ខេត្តកណ្ដាល៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូប៉ះដៃចង្កូតដួលខ្ទាតចូលក្រោមកង់រថយន្ដ កាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្ដត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាងរួមជាមួយមធ្យោបាយពាក់ព័ន្ធដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
មន្ដ្រីនគរបាលចរាចរណ៏ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ សិត សុខឃីម ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ពណ៏ស ពាក់ស្លាកលេខភ្នំពេញ 1P-4733 និងអ្នករួមដំណើរជាមួយឈ្មោះ ហេង សុខហ៊ួ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ។ ចំណែករថយន្ដម៉ាកសាំយ៉ុង ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 5A ជាប្រភេទរថយន្ដក្រឡុកស៊ីម៉ង់ត៏បើកបរដោយឈ្មោះ ទូ វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្ដតាកែវ ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដក្រឡុកស៊ីម៉ង់ត៏បើកបរតាមបណ្ដោយផ្លូវជាតិលេខ២១A ក្នុងទិសដៅពីកើតទៅលិច ខណៈនោះបានជ្រុលទៅប៉ះដៃចង្កូតម៉ូតូជនរងគ្រោះធ្វើឲ្យអ្នកបើកបរខ្ទាតចូលក្រោមរថយន្ដកិនធ្លាយខួរចេញមកក្រៅស្លាប់ភ្លាមៗធ្វើឲ្យអ្នកដំណើរឃើញហេតុការណ៏រន្ធត់ចិត្ដគ្រប់ៗគ្នា រីឯអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ៕
ដោយ៖ ស្អាងជ័យ