គិតត្រឹមថ្ងៃទី៦ខែកញ្ញា ចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋបាន២,១១ពាន់លានដូសហើយ ក្នុងនោះមានពលរដ្ឋដល់ទៅជាង៩៦៩លាននាក់ បានចាក់គ្រប់ចំនួនពីរដូស ។
គិតត្រឹមចុងខែសីហា ចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋបាន១,៧ពាន់លានដូសហើយ ស្មើនឹង៧៦%នៃចំនួនប្រជាជនសរុប ។ ចិនមានពលរដ្ឋ ១,៤១ពាន់លាននាក់ ហើយចិនបានកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋទាំងអសនៅចុងឆ្នាំ២០២១នេះ។
មន្ត្រីគ្រប់គ្រងការចាក់វ៉ាក់សាំងនៅប្រទេសចិនបានឱ្យដឹងថា ដើម្បីឈានដល់គោលដៅដែលបានគ្រោងទុកចិនចាំបាច់ត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់ចំនួនពីរដូសឱ្យបាន៨៣,៣%នៃពលរដ្ឋសរុប ។ នៅពេលនេះទីក្រុងប៉េកាំងបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានរហូតដល់ទៅ៩៥% សម្រាប់ពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
តាមអ្នកឯកទេសសុខាភិបាលចិន បានលើកឡើងថា ការឆ្លងកូវីដ-១៩ ថ្មីបំផុតនៅក្នុងប្រទេសចិនត្រូវបានគ្រប់គ្រងទាំងស្រុងហើយ ដោយមួយផ្នែកធំគឺដោយសារពលរដ្ឋចាក់វ៉ាក់សាំងបានច្រើន។ លោក Zheng Zhongwei អគ្គនាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវេជ្ជសាស្ត្រ ស្ថិតនៅក្នុងគណៈកម្មាធិការសុខាភិបាលចិន បានបញ្ជាក់ថា ប្រសិនបើមិនមានការចាក់វ៉ាក់សាំងបានច្រើនទេនោះ ការផ្ទុះកូវីដ-១៩ថ្មីបំផុតនៅក្នុងប្រទេសនេះ អាចនឹងមានពលរដ្ឋជាច្រើនឆ្លងវីរុសបំប្លែងថ្មីដែលតា។
លោក Zheng Zhongwei បន្តទៀតថា វ៉ាក់សាំងផលិតដោយប្រទេសចិន គឺមានប្រសិទ្ធជួយដល់អ្នកជំងឺមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្លាប់នោះទេ គឺទប់ទល់បានរហូតដល់១០០%។ ជាមួយគ្នានោះវ៉ាក់សាំងចិនមានប្រសិទ្ធភាពទប់ស្កាត់បានចាប់ពី ៦៣-៧៧%៕ធី រីណា
បុគ្គលិកពេទ្យផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដល់ប្រជាជននៅមណ្ឌលសុខភាព ៖ រូបភាព៖ស៊ីនហួ