ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១ ! 

ចែករំលែក៖

ភ្នំពេញ, យោងតាមសេចក្តីប្រកាសព័ត៌មាន

របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា,

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១។ បណ្តាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកមហាអនុតំបន់ផ្សេងទៀត រួមមាន លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាយឧត្តមសេនីយ៍ មឹង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក ផាម មិញជិញ នាយក រដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា ប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំដោយផ្ទាល់ រួមមាន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ និង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ព្រមទាំងរដ្ឋមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។

ក្រោមមូលបទ “មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនាទសវត្សរ៍ថ្មី» កិច្ចប្រជុំនឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំកំពូល លើកទី៦ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ កិច្ចប្រជុំក៏នឹងផ្ដល់ឱកាសដល់អ្នកចូលរួមទាំងអស់ធ្វើការបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការចូលរួម ចំណែករបស់ខ្លួន ដើម្បីធ្វើឱ្យអនុតំបន់កាន់តែរួបរួមគ្នា ប្រកបដោយវិបុលភាពភាព និងបរិយាប័ន្ននៅក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅក្នុងអនុតំបន់ តំបន់ និងពិភពលោក។ គួរកត់សម្គាល់ថា កម្មវិធីមហាអនុតំបន់មេគង្គឈរលើមូលដ្ឋាននៃការពិគ្រោះយោបល់ និង កិច្ចសន្ទនា ក្នុងចំណោមបណ្ដាសមាជិកមហាអនុតំបន់មេគង្គ។ មហាអនុតំបន់មេគង្គផ្ដោតលើ គម្រោងអនុតំបន់នានាដែលមានអាទិភាពខ្ពស់នៅក្នុងវិស័យការដឹកជញ្ជូនថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ការវិនិយោគផ្នែកឯកជន និងកសិកម្ម ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print