ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖ ពីវិមានរដ្ឋសភា ខ្ញុំសូមផ្តាំផ្ញើសួរសុខទុក្ខដល់ពុកម៉ែ មាមីង បងប្អូនទាំងអស់ ហើយសង្ឃឹមថា ពុកម៉ែ មាមីង បងប្អូន មាននូវសេចក្តីសុខទាំងអស់គ្នា។ យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ១៩ បានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំងដល់សុខភាពសាធារណៈ និយាយដោយឡែក និងលើសេដ្ឋកិច្ចជាតិ និយាយជារួម។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា បើទោះទម្លាប់ជួបជុំសួរសុខទុក្ខគ្នា ជាពិសេសការជួបជុំជាមួយបងប្អូន ពុកម៉ែ នៅភូមិ ឃុំនាពេលនាពេលកន្លងមក មិនអាចធ្វើទៅបានដោយផ្ទាល់ក្តី សុខទុក្ខរបស់ពុក ម៉ែ បងប្អូន នៅតែជាអាទិភាពសម្រាប់សមាជិក សមាជិកា គណបក្សយើង មិនថានៅពេលដែលពុកម៉ែ មាមីង បងប្អូន រងគ្រោះដោយខ្យល់កន្រ្តាក់ ទឹកជំនន់ ឬក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩នេះ។
ជាក់ស្តែងនៅក្នុងដំណាក់កាលបិទខ្ទប់ កម្លាំងរួមរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈមេឃុំ ចៅសង្កាត់ ក៏ដូចជាមន្រ្តីគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ បានប្រើអស់លទ្ធភាពដើម្បីជួយសម្រាលដល់សុខទុក្ខរបស់ប្រជាពលរដ្ឋយើង ដោយការបន្តនៅជាប់ជាមួយប្រជាជនមិនអាក់ខាន។ ការអនុវត្តនេះ ជាការឆ្លើយតបទៅនឹងអ្វីដែលសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សតែងបានលើកឡើងថា “មិនឲ្យប្រជាជនម្នាក់ណាមួយ ស្លាប់ដោយអត់បាយ ដែលយើងមិនដឹង និងដោះស្រាយ”៕
ដោយ៖សហការី