ក្រសួងការបរទេសចិនបានប្រកាសថា ប្រទេសនេះនឹងផ្តល់ស្បៀងអាហារ ឱសថ សម្ភារប្រើប្រាស់ និងវ៉ាក់សាំងមានតម្លៃដល់ទៅ៣១លានដុល្លារអាមេរិកដល់ប្រទេសអាហ្វហ្គានីស្ថាន។
បណ្តាញព័ត៌មាន CNN បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនដែលបានបញ្ជាក់ ក្រោយពីជំនួបពិភាក្សាជាមួយមន្ត្រីអាហ្វហ្គានីស្ថាន ហើយចិនបានសម្រេចផ្តល់ជំនួយជាបន្ទាន់ ដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ។
ទន្ទឹមនឹងនោះរដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថា ចិននឹងផ្តល់ជំនួយវ៉ាក់សាំង៣លានដូសដល់អាហ្វហ្គានីស្ថាន ក្នុងដំណាក់កាលដំបូង ។ នៅពេលនេះគេមិនទាន់ដឹងថា តើពេលវេលាណាដែលចិនបញ្ជូនវ៉ាក់សាំងទៅកាន់ប្រទេសអាហ្វហ្គានីស្ថាននោះឡើយ។
កន្លងមកមេដឹកនាំចិន បានលើកឡើងជាច្រើនសាមកហើយថា ប្រទេសនេះនឹងចែករំលែកវ៉ាក់សាំង ដល់ពិភពលោកទាំងមូល ពិសេសគឺប្រទេសដែលមានប្រាក់ចំណូលទាប។ ចិនក៏ធ្លាប់បានសន្យាជាមួយក្រុមតាលីបង់ថា អាហ្វហ្គានីស្ថានគឺស្ថិតនៅក្នុងចំណោមប្រទេសដែលចិនផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ។
រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី ក៏បានប្រកាសថា អាមេរិកនិងសម្ពន្ធមិត្តមានតួនាទីខ្ពស់ជាងបណ្តាប្រទេសក្នុងការផ្តល់ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ចជូនពលរដ្ឋអាហ្វហ្គានីស្ថាន ។ លោកវ៉ាង យី បញ្ជាក់ថា អាមេរិកត្រូវតែទទួលខុសត្រូវ ធានាជួយដល់ការអភិវឌ្ឍ និងស្ថិរភាពក៏ដូចជាគោរពដែនអធិបតេយ្យរបស់ប្រទេសនេះ ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសចិន បានអំពាវនាវដល់ក្រុមតាលីបង់ ត្រូវប្រយុទ្ធប្រឆាំងភេរវកម្ម និងសាមគ្គីជាតិសាសន៍៕ដោយ៖ធី រីណា
ខ្សែសង្វាក់ផលិតកម្មវ៉ាក់សាំងការពារជំងឺកូវីដ -១៩ នៅរោងចក្រនៅទីក្រុងប៉េកាំង (ចិន) មានសម្ព័ន្ធជាមួយស៊ីណូវ៉ាកជីវបច្ចេកវិទ្យា រូបថត៖ រូបភាពហ្គេតធី
រដ្ឋមន្ត្រីការបរទេសចិនវ៉ាងយី (ស្តាំ) ជួបជាមួយមេដឹកនាំតាលីបង់ រូបថត៖ រ៉យទ័រ