ភ្នំពេញ៖ គ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទាំងអស់នឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញចាប់ពីថ្ងៃទី១៥ ខែកញ្ញានេះតទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ។ ការបើកគ្រឹះស្ថានសិក្សាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះបានបំពេញលក្ខន្តិកៈ គ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ មន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២១នេះនៅសាលារាជធានីភ្នំពេញ ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជននឹងបើកដំណើរការឱ្យចូលរៀនចាប់ពីថ្ងៃពុធទី១៥ ខែកញ្ញាឆ្នាំ២០២១នេះតទៅ ។ ការបើកឱ្យដំណើរការនេះបាន លុះត្រាតែគ្រឹះស្ថានសិក្សាទាំងអស់បានបំពេញលក្ខន្តិកៈគ្រប់គ្រាន់ទាំងអនាម័យ បរិស្ថាននិងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណាអាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះលោកឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរហ័សទៅលើគ្រូបង្រៀន បុគ្គលិកសិក្សាទាំងអស់ដោយត្រូវចាប់ផ្ដើមអនុវត្ត ការងារនេះចាប់ពីថ្ងៃស្អែកទី១០ខែកញ្ញានេះតទៅ ។ បើអនុវត្តតាមលក្ខន្តិកៈបានល្អប្រសើរហើយនោះ គ្រឹះស្ថានសិក្សានោះនឹងដំណើរការសិក្សាឡើងវិញបាន។
លោកអភិបាលបានបញ្ជាក់ផងដែរថា ចំពោះគ្រឹះស្ថានសិក្សាឯកជនទាំងអស់គឺត្រូវធ្វើពាក្យស្នើសុំបើកគ្រឹះស្ថានសិក្សារបស់ខ្លួនឡើងវិញ មករដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយពីរដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថា បានបំពេញនូវលក្ខន្តិកៈដែលរដ្ឋបាលរាជធានីភ្នំពេញជំរុញឲ្យអនុវត្តបានល្អប្រសើរហើយនោះ គ្រឹះស្ថានទាំងនោះនឹងទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញដើម្បីឲ្យបើកដំណើរការសិក្សាជាធម្មតាឡើងវិញ ។
លោកឃួង ស្រេង បានបន្តទៀតថា ការបើកសាលារៀននេះគឺជាជំហានដំបូងមួយនៃការបើកឲ្យដំណើរការឡើងវិញនូវវិស័យផ្សេងៗទៀត មានន័យថា បើការបើកឲ្យដំណើរការការសិក្សាតាមគ្រឹះស្ថានអប់រំទាំងអស់ដំណើរការល្អហើយនោះយើងក៏នឹងអាចបន្តបើកឡើងវិញនូវវិស័យទេសចរណ៍ជាបន្តបន្ទាប់ទៀតផងដែរ។
ចំណែកលោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា ការបើក សាលារៀនទាំងឯកជននិងរដ្ឋឡើងវិញនេះ គឺដំណើរការតែសាលាចាប់ពីថ្នាក់ទី៩ ទៅដល់ថ្នាក់ទី១២ ប៉ុណ្ណោះ ហើយបើដំណើរការនេះឈានទៅរលូនហើយនោះ យើងនឹងគិតគូរពីថ្នាក់មត្តេយ្យសិក្សានិងបឋមសិក្សាបន្តទៀត ៕ដោយ សំរិត