តាមការលើកឡើងរបស់អ្នកនាំពាក្យក្រុមតាលីបង់ លោក Sayed Zekrullah Hashimi បានលើកឡើងពាក់ព័ន្ធករណីស្ត្រីអាហ្វហ្គានីស្ថាន ធ្វើបាតុកម្មទាមទារសិទ្ធិ និងការចូលរួមជាមួយរដ្ឋាភិបាល ដោយលោកបានបញ្ជាក់ថា “ស្ត្រីមិនអាចក្លាយជារដ្ឋមន្ត្រីបានឡើយ” មានន័យថា ស្ត្រីគឺមិនអាចទទួលភារកិច្ចដ៏ធំបានទេ។ ស្ត្រីមិនអាចមានវត្តមាននៅក្នុងជួរគណៈរដ្ឋមន្ត្រីឡើយ ពួកគាត់បានត្រឹមតែបង្កើតកូនប៉ុណ្ណោះ»។
លោក Sayed Zekrullah Hashimi បានបញ្ជាក់ទៀតថា ស្ត្រីអាហ្វហ្គានីស្ថានដែលធ្វើបាតុកម្មនៅទីក្រុងកាប៊ុលគ្រានតែជាចំណែកមួយតូចនៃស្ត្រីអាហ្វហ្គានីស្ថានតែប៉ុណ្ណោះ មិនអាចតំណាងឲ្យស្ត្រីអាហ្វហ្គានីស្ថានទូទាំងប្រទេសឡើយ។
ប្រតិកម្មទៅនឹងសំដីរបស់លោក Hashimi អ្នកសារព័ត៌មាន TOLO News បានលើកឡើងថា «ស្ត្រីគឺជាចំណែកមួយនៃសង្គម »។ ក្រោយមកអ្នកនាំពាក្យក្រុមតាលីបង់បានឆ្លើយថា «យើងមិនបានចាត់ទុកថាស្ត្រីជាពាក់កណ្តាលនៃសង្គមនោះឡើយ … បើអ្នកបំពានលើស្ត្រី នោះមិនមែនជាបញ្ហាឡើយ… ស្ត្រីអាហ្វហ្គានីស្ថាន គឺជាអ្នកបង្កើតជនជាតិអាហ្វហ្គានីស្ថាន ដូច្នេះយើងត្រូវអប់រំពួកគេតាមច្បាស់សាសនា»។
ការលើកឡើងរបស់ក្រុមតាលីបង់ បានបង្កឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីបណ្តាញសង្គម ថាក្រុមតាលីបង់បានប្រែក្រឡាស់មិនគោរពសិទ្ធិដល់ស្ត្រី ឬក៏ផ្តល់តំណែងនៅក្នុងជួររដ្ឋាភិបាល។
ចាប់តាំងពីថ្ងៃទី ១៥ខែសីហា ក្រោយក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថាន ក៏បានសន្យាថានឹងផ្តល់តំណែង ដល់ស្ត្រីនៅក្នុងជួររដ្ឋាភិបាល ។ ប៉ុន្តែមកទល់ពេលនេះ ក្រុមតាលីបង់ មិនបានផ្តល់សិទ្ធិឬតួនាទីណាមួយក្នុងជួររដ្ឋាភិបាលនោះឡើយ។ កាលពីថ្ងៃទី៤ ខែកញ្ញា ក្រុមតាលីបង់បានចេញច្បាប់ឲ្យស្ត្រីនៅតាមបណ្តាមហាវិទ្យាល័យ និង សាលានានាត្រូវពាក់សម្លៀកបំពាក់ប្រពៃណី Abaya និងគ្របស្បៃ Niqab បិទជិតមុខទាំងអស់ ។ មានតែស្ត្រីប៉ុណ្ណោះ ទើបអាចបង្រៀនដល់ស្ត្រីផ្សេងទៀត ហើយសិស្សស្រីនឹងត្រូវចេញមុនសិស្សប្រុស៥នាទី ដើម្បីបញ្ចៀសការជួបមុខគ្នា៕ ដោយ÷ ធី រីណា
អ្នកនាំពាក្យតាលីបង់បាននិយាយថាការតវ៉ាតាមដងផ្លូវរបស់ស្ត្រីមិនតំណាងឱ្យស្ត្រីអាហ្វហ្គានីស្ថានទេ។ រូបថត៖ ហិណ្ឌូ Times
ស្ត្រីអាហ្វហ្គានីស្ថានត្រូវបានហាមឃាត់មិនឱ្យលេងកីឡារួមទាំងកីឡាគ្រីឃីត។ រូបភាព
អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី ១៧ ខែសីហានៅទីក្រុងកាប៊ុល។ រូបថត៖ អេភី