ខេត្តកំពង់ឆ្នាំង៖ តាចាស់ម្នាក់ដែលជាអ្នកបម្រើព្រះសង្ឃនៅក្នុងវត្ត ត្រូវបុរសម្នាក់យកកែវ វាយសំពងមកលើក្បាលក្នុងពេលកំពុងផឹកតែជាមួយគ្នា បណ្តាលអោយរបួសឈាមហូរស្រោចពេញខ្លួននិងបានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ នៅក្នុងវត្តសិរីវត្តនារាម ក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ផង់ ស៊ីណេង ភេទប្រុស អាយុ ៤៤ឆ្នាំ ចំណែកឯកជនរងគ្រោះ មានឈ្មោះ ស្រី ឈន ភេទប្រុស អាយុ៦៩ឆ្នាំ ជនរងគ្រោះនិងជនសង្ស័យរស់នៅក្នុងភូមិខាងលើជាមួយគ្នា ។
តាមប្រភពពីកន្លែងកើតហេតុ នៅមុនពេលកើតហេតុជនរងគ្រោះដែលជាចាស់ព្រឹទ្ធាចារ្យនៅក្នុងវត្តនេះបានអង្គុយផឹកតែ ហើយពេលជនសង្ស័យក៍បានដើរចូលទៅផឹកតែជាមួយគ្នាស្រាប់តែមួយសន្ទុះក៍ឮសម្លេងខ្លាំងដែលជាសម្លេងជនសង្ស័យនិងជនរងគ្រោះទាស់សំដីគ្នា ពេលនោះជសង្ស័យក៍ទាញកែវដែលនៅក្បែរនោះមកវាយសន្ធាប់មកលើជនរងគ្រោះក្បាល បណ្តាលអោយរងបួសធ្ងន់និងឈាមហូរស្រោចពេញខ្លួនតែម្តង។
ក្រោយពេលកើតហេតុជនរគ្រោះត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ហើយត្រូវបានស្លាប់នៅវេលាម៉ោង១២យប់ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី ៕
ដោយ៖ ចន្ថា