ក្នុងរយៈពេល៥ឆ្នាំនៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យប្រទេសនេះត្រូវខាតបង់ទឹកប្រាក់រហូតដល់ទៅ២០០ពាន់លានដុល្លារអាមេរិក និងសម្លាប់មនុស្សរហូតដល់ទៅជាង២៥០ពាន់នាក់។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានRIA novosti ប្រធានាធិបតីស៊ីរីលោកបាសាអាលអាសាដបញ្ជាក់ថា ៈក្នុងរយៈពេល៥ឆ្នាំនៃសង្គ្រាម សេដ្ឋកិច្ចក្នុងប្រទេសរបស់លោកត្រូវបាត់បង់រហូតដល់់ទៅជាង២០០ពាន់លានដុល្លារ។
មេដឹកនាំស៊ីរីបានបញ្ជាក់ទៀតថា«បញ្ហាសេដ្ឋកិច្ច អាចដោះស្រាយបានភ្លាមៗពេលដែលស្ថានភាពនៅក្នុងប្រទេសស៊ីរីមានស្ថិរភាព សន្តិសុខ ហើយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធត្រូវការពេលវេលាយូរ។ តាមប្រសាសន៍របស់លោកអាលអាសាដ ស្ថានភាពនៅក្នុងប្រទេសល្អប្រសើរនោះជនភៀសខ្លួនស៊ីរី ក៏នឹងវិលត្រឡប់មកប្រទេសវិញផងដែរ។
មូលហេតុដែលបណ្តាលឲ្យមានការភៀសខ្លួនជាទ្រង់ទ្រាយធំ មិនត្រឹមតែការវាយប្រហារភេរវកម្មនោះឡើយ គឺបញ្ហាសន្តិសុខនៅក្នុងប្រទេសជាចំបង។ មួយវិញទៀត ការដែលប្រទេសលោកខាងលិចបានអនុម័តដាក់ទណ្ឌកម្មទៅលើស៊ីរីក៏ជាមូលហេតុជម្រុញឲ្យមានជនភៀសខ្លួនកាន់តែច្រើនឡើង។
ទូរទស្សន៍ជាតិស៊ីរី បានផ្សាយថា ទីក្រុងបូរាណប៉ាល់មៀរ បានរំដោះមកវិញទាំងស្រុងហើយ ដោយកងទ័ពរដ្ឋាភិបាលស៊ីរី។ ដោយឡែកក្រុមអ្នកសង្កេតការសិទ្ធិមនុស្ស បានផ្តល់ដំណឹងថា ការប្រយុទ្ធនៅមិនទាន់ស្ងាត់គ្រាប់នៅឡើយទេ ដោយសារគេនៅតែឮសូរសំឡេងបាញ់បោះ នៅភាគខាងកើត តំបន់ប៉ាល់មៀរនៅឡើយ។ តែយ៉ាងណាក៏ដោយ ក្រុមឧទ្ទាមជីហាដអង្គការរដ្ឋអ៊ីស្លាម បានដកថយចេញពីតំបន់នេះស្ទើរតែទាំងអស់ហើយ ដោយពួកវាបានរត់គេចទៅទិសខាងកើត។
យោងតាមប្រសាសន៍លោកRami Abdoulrahman ប្រធានអ្នកសង្កេតការសិទ្ធិមនុស្ស បានឲ្យដឹងថានៅសមរភូមិប៉ាល់មៀរនេះ ពួកជីហាដអង្គការរដ្ឋអ៊ីស្លាម បានស្លាប់មនុស្សអស់៤០០នាក់ ហើយចំណែកកងទ័ពរដ្ឋាភិបាលស៊ីរីវិញ មានស្លាប់ប្រមាណជា១៨០នាក់។ នេះគឺជាការបាត់បង់កម្លាំងដ៏ធំបំផុតមិនធ្លាប់មានទេ សម្រាប់ក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម ដែលបានបាត់បង់កម្លាំងភ្លាមៗ ដល់ទៅ៤០០នាក់ នៅសមរភូមិតែមួយដូច្នេះ។ ជោគជ័យរបស់កងទ័ពរដ្ឋាភិបាលស៊ីរី គឺមួយផ្នែកធំបានមក ដោយសារតែជំនួយទាហានអាកាសរុស្ស៊ី ដែលបានជួយទំលាក់គ្រាប់បែកប្រហែលជា១៥០គ្រាប់ ក្នុងរយៈពេល៣-៤ថ្ងៃចុងក្រោយនេះ។
សូមបញ្ជាក់ថា វាសនាទីក្រុងប៉ាល់មៀរ ត្រូវបានគេព្រួយបារម្ភជាខ្លាំងនៅពេលដែលទីក្រុងបូរាណនេះ ត្រូវបានក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាមវាយយកបាន កាលពីខែឧសភា ឆ្នាំ២០១៥។ ទីក្រុងនេះ មានប្រាសាទបូរាណជាច្រើន តាមបែបរចនាបទក្រិក រ៉ូម៉ាំង ដែលមានចំណាស់ជាច្រើនសតវត្សមុនគ្រឹស្តសករាជទៅទៀត។ ទីក្រុងនេះ ត្រូវបានចាត់បញ្ចូលជាសម្បតិ្តបេតិកភណ្ឌមនុស្សជាតិ ដោយអង្គការយូណេស្កូផងដែរ។ ការបាញ់ផ្លោង ទំលាក់គ្រាប់បែក រួមទាំងការគាស់កកាយ យករូបចម្លាក់ទៅលក់ដោយខុសច្បាប់ បានបំផ្លាញទីក្រុងនេះយ៉ាងដំណំ។
ប្រែសម្រួល៖ ម៉ែវ សាធី