ខេត្តក្រចេះ៖ រោងសប្បកម្មកែច្នៃឈើធំៗចំនួនពីរកន្លែង នៅក្នុងបរិវេណដីក្រុមហ៊ុនសម្បទាន(តុងម៉ិន) ស្ថិតក្នុងឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ បានបើកដំណើរការឡើងវិញក្រោយពីស្ងប់ស្ងាត់មួយរយៈខ្លី បន្ទាប់ពីរាជរដ្ឋភិបាលបានបង្កើតគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើទ្រងទ្រាយធំ នាពេលកន្លងមក ។
ពលរដ្ឋនៅតំបន់នោះបានអះអាងថា មិនថាព្រៃឈើនៅក្រៅព្រៃសហគមន៍ ឬឈើក្នុងព្រៃសហគមន៍នោះទេ គឺកំពុងតែប្រឈមមុខនិងការវិនាស ក្រោមការកាប់បំផ្លាញពីក្រុមឈ្មួញមួយចំនួន ដោយប្រើប្រាស់គ្រប់រូបភាពផ្សេងៗ ដើម្បីដឹកចូលមកក្នុងរោងសប្បកម្ម ដើម្បីអារច្រៀក កែច្នៃសំរាប់ធ្វើអាជីវកម្មបុគ្គល។
ពលរដ្ឋបានបន្តថា ក្នុងនោះមានឈើប្រភេទលេខ១ និងលេខ២ រាប់សិបម៉ែត្រគូប បានគរទុកនៅក្នុងរោងសប្បកម្ម ហើយឈើទាំងនេះបានដឹកតាមរថយន្តច្នៃចេញពីព្រៃសហគមន៍ក្នុងស្រុកសំបូរ ខេត្តក្រចេះ យកឆ្ពោះមករោងសិប្បកម្មកែច្នៃធ្វើទ្វាបង្អួច ចំនួនពីរកន្លែង ដោយមួយកន្លែងមានទីតាំងនៅចំនុចកាំពីកាច់ និងមួយកន្លែងទៀតនៅចំនុចអន្លង់តាប៉ែត្រ ក្នុងឃុំរលួសមានជ័យ ស្រុកសំបូរ ហើយរោងសប្បកម្មទាំងពីរកន្លែងនេះ គឺនៅក្បែរនិងស្នាក់ការរបស់មេព្រៃទៀតផង ។
ប្រជាពលរដ្ឋនៅតំបន់នោះ បានអះអាងប្រហាក់ប្រហែលគ្នាថា រោងសិប្បកម្ម ទ្វា បង្អួច ដ៏ធំទាំងពីរកន្លែងនេះ គឺមិនមានច្បាប់ទំលាប់ត្រឹមត្រូវនោះទេ និងបង្កការរំខាន ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ដូចជា សម្លេងម៉ាស៊ីន និងហុយកំទេចរណាជាដើម តែមិនទាន់មានសមត្ថកិច្ចជំនាញ ចេញមកធ្វើការហាមឃាត់នោះទេ ហើយពលរដ្ឋសង្ស័យថា ម្ចាស់រោងសប្បកម្មអាចនិងត្រូវរ៉ូវគ្នាក្នុងលក្ខណៈណាមួយជាមួយជំនាញរដ្ឋបាលព្រៃឈើ ទើបមិនឃើញមន្ត្រីជំនាញទាំងនោះចុះមកចាប់បង្រ្កាប ។
ប្រជាពលរដ្ឋបានបង្ហើបយ៉ាងចំៗថា រោងសិប្បកម្មគ្មានច្បាប់នេះទាំងពីរកន្លែងនេះ ដោយរោងសប្បកម្មទីមួយមានទីតាំងនៅចំនុចកាំពីកាច់ គឺមានម្ចាស់ឈ្មោះ នី និងរោងសប្បកម្មមួយកន្លែងទៀតមានទីតាំងនៅចំនុចអន្លងតាប៉ែត គឺមានម្ចាស់ឈ្មោះ ធារ៉ា ។ហើយក្នុងរោងសិប្បកម្មនីមួយៗ គឺមានដាក់ម៉ាស៊ីនកែច្នៃឈើជាច្រើនគ្រឿង មានម៉ាស៊ីនតាប ម៉ាស៊ីនច្រៀកនិង ម៉ាស៊ីនខ្សែ ក្នុងនោះមានជាងដែលកំពុងតែធ្វើការកែច្នៃឈើមិនក្រោមពី២០នាក់នោះទេ។
ក្នុងការបើករោងសិប្បកម្មកែច្នៃឈើខុសច្បាប់ទ្រង់ទ្រាយធំទាំងពីរកន្លែង នៅក្បែរនិងស្នាក់ការរបស់រដ្ឋបាលព្រៃឈើរលួសមានជ័យ គឺពលរដ្ឋនៅតំបន់នោះបានស្នើរឱ្យជំនាញរដ្ឋបាលព្រៃឈើខេត្តក្រចេះ ចុះទៅធ្វើការត្រួតពិនិត្យ ឬក៏ចាប់បង្ក្រាបតែម្តង ព្រោះការបើកសប្បកម្មគ្មានច្បាប់ទម្លាប់ត្រឹមត្រូវគឺបង្កឱ្យព្រៃឈើនៅតំបន់នោះរងការវិនាសមិនខាន ។
មិនអាចសំការបំភ្លឺពីលោក ទ្រី សុភក្រ័ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានទេពាក់ពន្ធនិងការបើករោងសិប្បកម្មកែច្នៃឈើទ្រង់ទ្រាយធំដោយខុសច្បាប់ទាំងពីរកន្លែងខាងលើនេះ ដោយទួរស័ព្ធរបស់លោកចុចចូលតែលើកមិនលើកទទួល ។ យ៉ាងណាក៏ដោយបើតាមការលើកឡើងពីសំណាក់អ្នកកាសែត មួយចំនួននៅក្នុងខេត្តក្រចេះ បាននិយាយថា ទួរស័ព្ទបស់លោក ទ្រី សុភ័ក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ គឺលោកមិនលើកលេខទួរស័ព្ទរបស់អ្នកកាសែតដើម្បីឆ្លើតបំភ្លឺនោះទេ បើទោះបីជាចុចចូលច្រើនដងយ៉ាងណាក៏ដោយ ៕
ដោយ៖ កោះទ្រុង