ខេត្តកណ្តាល៖ បុរសម្នាក់ជាជាងជំនាញខាងផ្សាដែកបានឡើងទៅផ្សាសំយាបឃ្លាំងឲ្យគេ ខណៈនោះបានលើកដែកទៅប៉ះនឹងខ្សែកាបិ៍អគ្គិសនី បណ្តាលឲ្យឆ្លងចរន្តឆក់ធ្លាក់ពីលើសំយាបឃ្លាំងជុងជាមួយដែកសសៃគ្រឹះស្លាប់យ៉ាងអណោចអធ័ម ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចការដ្ឋានសាងសង់ឃ្លាំងស្តុកទំនិញមួយកន្លែង ស្ថិតក្នុងភូមិខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះគា គួ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងផ្សាដែក មានស្រុកកំណើតនៅភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅភូមិខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានស៊ីឈ្នួលផ្សាដំបូលសំយាបឃ្លាំងខាងលើនេះ ខណៈកំពុងឈរលើកដែកឡើងទៅលើសំយាបចុងដែកបានជ្រុលទៅប៉ះនឹងខ្សែកាបិ៍អគ្គិសនី បណ្តាលឲ្យឆ្លងចរន្តឆក់ធ្លាក់មកក្រោម ។ ពេលធ្លាក់ពីលើសំយាបជនរងគ្រោះបានធ្លាក់ទៅចំដែកសសៃគ្រឹះចំនួនបួនសសៃ ជុងធ្លាយខ្នងមកឆ្អឹងជំនីស្លាប់ភ្លាមៗមួយរំពេចតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងស្ត្រីជាប្រពន្ធជនរងគ្រោះមិនបានធ្វើការប្តឹងផ្តល់អ្វីឡើយ ពោលគឺបានសុំសាកសពជនរងគ្រោះពីសមត្ថកិច្ចយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ