ភ្នំពេញ៖៖ បុរសជាជនជាតិបរទេសម្នាក់បានផ្ទុះអាវុធបណ្តាលឱ្យរងរបួសខ្លួនឯងមួយគ្រាប់ត្រូវចំកំភួនជើងខាងស្តាំ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចទល់មុខ H&Y តាមបណ្តោយផ្លូវលេខ១៥៤ ត្រង់ចំណុចផ្សារសូរិយ៉ាម៉ល ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ហើយត្រូវបានសមត្ថកិច្ច ទាក់ទងហៅរថយន្តមកដឹកបុរសរូបនេះយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
បើតាមសម្តីកម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា បុរសដែលបាញ់ខ្លួនឯងនោះមានឈ្មោះភែរី (perry) អាយុ៤៦ឆ្នាំ ជាជនជាតិបរទេស ធ្វើការផ្នែកធនធានមនុស្ស ស្នាក់នៅម្តុំផ្សារដើមគ ខណ្ឌទួលគោក ។
បើតាបើតាមសម្តីបុរសដែលបាញ់ខ្លួនឯង
បានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជួបជុំមិត្តផឹកស៊ីនៅផ្សារសូរិយាម៉ល រហូតដល់ម៉ោង២និង៥០នាទីរំលងអធ្រាត្រ រូបគាត់ក៏បានចេញពីជួបជុំមិត្ត រួចដើរកាត់ផ្លូវលេខ១៥៤ ក៏ស្រាប់តែប្រទះឃើញកាំភ្លើងខ្លី ពណ៌ខ្មៅលាយទឹកប្រាក់ ម៉ាកស៊ុយរ៉ាគីមួយដើម គាត់ក៏បានរើសយកមកដាក់ចូលហោប៉ៅខាងក្រោយខាងស្តាំ ស្រាប់តែកាំភ្លើងនោះរៀលកៃត្រូវកំភួនជើងខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
បើសម្តីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរូបនេះមានកាបូបស្ពាយនៅនឹងខ្នង និងមានកាំភ្លើងខ្លីមួយដើមបាញ់ឡើងទៅលើមេឃ១គ្រាប់ រួចហើយទុកកាំភ្លើងក្នុងហោប៉ៅវិញ។ លុះមួយសន្ទុះក្រោយមក កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានចុះទៅដល់ទីតាំងកើតហេតុ ជនជនជាតិបរទេសរូបនេះក៏បានលូកដៃចូលក្នុងហោប៉ៅដែលមានកាំភ្លើងនោះស្រាប់តែប៉ះកៃផ្ទះត្រូវកំភួនជើងខ្លួនឯងតែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ រួចទាក់ទងទៅខាងមន្ទីរពេទ្យកាល់ម៉ែត ហៅរថយន្តសាមុយមកដឹកបុរសបរទេសរូបនេះយកទៅសង្គ្រោះបន្ទាន់ជាមុនសិន រីឯកាំភ្លើងត្រូវបានកម្លាំងកងរាជអាវុធហត្ថដកហូតយកទៅរក្សាទុក ដើម្បីស្រាវជ្រាវនៅពេលក្រោយ៕ជ្រោយពេជ្រ